ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះ«ថ្ងៃអវសាន» របស់រុស្ស៊ីនឹងបង្ហាញវត្តមាននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា

ចែករំលែក៖

តាមគម្រោង យន្តហោះ«ថ្ងៃអវសាន»របស់រុស្ស៊ី នឹងបង្ហាញវត្តមាននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសទិវាជ័យជម្នះនៅទីក្រុងមូស្គូ នាថ្ងៃទី ៩ខែឧសភាខាងមុខនេះ។ នេះជាសារៈសំខាន់មួយផ្ញើទៅកាន់បណ្តាប្រទេសលោកខាងលិច ជុំវិញការប្រឈមមុខតានតឹងជាមួយអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោកពូទីន នឹងផ្ញើសារព្រមានជាពិសេសចំពោះលោកខាងលិចនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ពេលដែលលោកអបអរគម្រប់ខួបទី៧៧ នៃជ័យជម្នះរបស់
រុស្ស៉ីលើពួកណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទីពីរ តាមរយៈការបង្ហាញសព្វាវុធផ្សេងៗ ខណៈដែលកងទ័ពរុស្ស៉ីកំពុងបន្តការវាយលុកលើអ៊ុយក្រែន។
នៅចំពោះមុខការដាក់សម្ពាធមិនធ្លាប់មានពីសំណាក់ក្រុមលោកខាងលិច ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនមក លោក ពូទីន នឹងថ្លែងសារនៅទីលាន Red Square ក្នុងទីក្រុងមូស្គូ ខណៈដែលព្យុហយាត្រាយោធាទ្រង់ទ្រាយធំនឹងប្រព្រឹត្តទៅដោយមានការចូលរួមពីកងទ័ព, រថក្រោះ, គ្រាប់រ៉ុក្កែត និងមីស៉ីលផ្លោងអន្តរទ្វីបជាដើម។
ទន្ទឹមគ្នាអំឡុងពេលនោះដែរ នឹងមានការហោះហើរយន្តហោះកាត់ពីលើព្រះវិហារ Saint Basil’s Cathedral ដោយក្នុងនោះរួមមានយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង, យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-160 ហើយជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១០មក គឺយន្តហោះ Il-80 ផងដែរ។
យន្តហោះ Il-80 ដែលមានរហស្សនាមថា «យន្តហោះសម្រាប់ថ្ងៃចុងក្រោយរបស់ពិភពលោក» គឺជាយន្តហោះបញ្ជាការដែលមានតួនាទីដឹកនាំក្រុមថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសរុស្ស៉ី ក្នុងព្រឹត្តិការណ៍សង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។
គួរបញ្ជាក់ថា ខណៈទិវាជ័យជម្នះរុស្ស៉ី «៩ ឧសភា» ខិតជិតមកដល់ មានការសង្ស័យថា លោក ពូទីន កំពុងត្រៀមសេចក្តីប្រកាសពិសេសមួយទាក់ទងទៅនឹងស្ថានការណ៍នៅអ៊ុយក្រែន ដែលអាចជាការប្រកាសសង្រ្គាមជាផ្លូវការ ឬក៏ការប្រកាសចល័តទ័ពទ្រង់ទ្រាយធំ។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានចេញមុខច្រានចោលការការសង្ស័យទាំងនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ VOV.VN


ចែករំលែក៖