ខេត្តស្ទឹងត្រែង ៖ កាលពីពេលថ្មីៗនេះ សត្វបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ជាង ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមឲ្យដឹងពី គេហទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ ។
ត្រីបបែលយក្សញីទឹកសាបនេះត្រូវបានប្រជានេសាទ នេសាទបានដោយចៃដន្យ នៅតាមដងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយយកមកវាស់ឃើញមានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ ព្រមទាំងមានទម្ងន់ជាង១៨០គីឡូក្រាម ។
តាមការឲ្យដឹងពីអ្នកនេសាទបញ្ជាក់ថា ពួកគាត់បានប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យខណៈវាកំពុងចាប់ត្រីធ្វើជាចំណី។ ដើម្បីជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គទៅហើយនោះ គាត់បានទាក់ទងទៅក្រុមគម្រោង អច្ឆរិយៈទន្លេមេគង្គ ហើយសុំឱ្យក្រុមការងារដាក់ស្លាកជាសញ្ញ្ញានិងបានដោះលែងវាឲ្យត្រឡប់ទៅទន្លេរស់នៅបែបធម្មជាតិវិញហើយក្នុងថ្ងៃនោះ ៕
ដោយ ៖ ប្រាថ្នា