ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចក្បែរបង្គោលភ្លើងនាវាលស្រែស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នៅលើសាកសពសមត្ថកិច្ចបានពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ។
តាមសាក្សីនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងតាមស្ទាក់វាយខណៈដែលជនរងគ្រោះកំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។
ក្រោយកើតហេតុ នៅថ្ងៃដដែលកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានបើកការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបខ្លួនមានបក្ខពួក៥នាក់ទៀតសុទ្ធតែភេទប្រុស នៅថ្ងៃកើតហេតុពួកខ្លួនបាននាំគ្នាកាក់ជនរងគ្រោះដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ចោលនៅក្រោមបង្គោលភ្លើងខាងជើងកន្លែងកើតហេតុមានចម្ងាយប្រហែល៥០០ម៉ែត្រ។ ជនសង្ស័យដដែលនេះបានសារភាពប្រាប់សមត្ថកិច្ចទៀតថា ពួកខ្លួនពុំមានគំនុំអ្វីជាមួយជនរងគ្រោះទេ គឺមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ (ទូរស័ព្ទ១គ្រឿងម៉ាក oppo ពណ៌ខ្មៅ)។
ការឃាត់ខ្លួនជនសង្ស័យនេះដែរ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនមាន ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ២គ្រឿង ម៉ាក EXCITER GP និងម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្សពួកនៅសល់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ហេង សុរិយា