ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នានៅឡើយទេបន្ទាប់ពីតារាកំប្លែងធុង ប៉េត្រូ បានបញ្ចេញលិខិតដោយបើកចំហរមួយ និងរូបថតជាមួយមេធាវីមួយក្រុម ស្របពេលដែលនេះគឺជាថ្ងៃទី១០ ខែឧសភាដែលជាថ្ងៃចុងក្រោយនៃការកំណត់របស់លោកឧកញ៉ា អ៊ុច សម្បត្តិ បានប្រកាសឲ្យតារាកំប្លែង ធុងប៉េត្រូ ធ្វើការសុំទោសលោកឧកញ៉ាជាសាធារណៈ។ ដូចការអះអាងរបស់ធុងប៉េត្រូកន្លងទៅដដែលថាខ្លួនមិនក្បត់ឧត្តមគតិរបស់ខ្លួនឡើយពោលគឺមិនចេញសារ ឬវីដេអូសុំទោសទៅកាន់ឧកញ៉ា អ៊ុច សម្បត្តិឡើយ ព្រោះខ្លួនមិនបានបង្កើតកំហុសឆ្គងណាមួយពោលគឺខ្លួនទៅវិញទេដែលជាអ្នកខូចខាតប្រយោជន៍នោះ។
ការបញ្ជាក់ត្រូវបានធ្វើឡើងបន្ទាប់ពី ធុងប៉េត្រូ ថែមទាំងបញ្ជាក់បន្ថែមទៀតតាមរយៈលិខិតដោយបើកចំហរប្រកាសជាសាធារណៈនូវលិខិតជម្រាបជូនសាធារណជនដោយខ្លឹមសារសំខាន់ៗសរុបមានចំនួន៥ដោយ ធុងប៉េត្រូ បានដាក់រហ័សនាមខ្លួនឯងថ្មីថាតារាកំប៉ិកកំប៉ុកតាមការហៅរបស់លោកឧកញ៉ាសម្បត្តិដោយមានខ្លឹមសារថាទី១. រហូតមកដល់ពេលនេះមិនទាន់បានចុះកិច្ចសន្យាសហការណាមួយជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ និងមិនទទួលបានប្រាក់កក់ ថ្លៃសេវាកម្មការងារពីក្រុមហ៊ុនឡើយ។ ទី២. ដោយសារមិនទទួលបានការងារពីក្រុមហ៊ុនលោកបានបាត់បង់ឱកាសក្នុងការទទួលការងារពីក្រុមហ៊ុនផ្សេងព្រោះគិតថាលោកបានជាប់កិច្ចសន្យានិងក្រុមហ៊ុនដទៃ។
ទី៣. រក្សាគោលជំហរមិនធ្វើការសុំទោសជាសាធារណៈ ព្រោះខ្លួនវិញទេដែលខូចខាតផលប្រយោជន៍។
ទី៤. សង្ឃឹមថាខ្លួននឹងទទួលបានដំណោះស្រាយណាមួយសមរម្យ ដោយសន្តិវិធីក្រោមគោលការណ៍ឈ្នះឈ្នះ។
និងទី៥. ម្ចាស់ផលិតផល ឬក្រុមហ៊ុនអាចទំនាក់ទំនងមកលោកបានដើម្បីធ្វើការផ្សព្វផ្សាយផលិតផល។ក្រៅពីប្រកាសអំពីលិខិតដោយចំហរមួយនេះមុននេះលោកក៏បានទាំងបង្ហាញរូបថតមួយសន្លឹកដែលថតជុំគ្នាជាមួយក្រុមការងារ និងមេធាវីមួយក្រុមអមដោយសារការថ្លែងអំណរគុណដល់ក្រុមមេធាវី និងសហការីដែលបានជួយជ្រោមជ្រែងនិងផ្តល់កម្លាំងចិត្តនិងអរគុណដល់អ្នកនៅពីក្រោយការលើកទឹកចិត្តលោកផងដែរ។
គេនៅបន្តរង់ចាំតាមដានបន្តទៀតថាតើ ករណីចម្រូងចម្រាសតឹងសរសៃកដាក់គ្នានេះនឹងត្រូវដោះស្រាយយ៉ាងដូចម្តេច៕
ដោយ ៖ វឌ្ឍនា