ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន លើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា”។ នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន បណ្តាញសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល សិស្ស និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមគំនិត និងរៀបចំជា “សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា” ដំបូងគេ និង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិលើកទី២ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
សៀវភៅគ្រឿងទេសនេះបានរៀបចំឡើង ដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារ អំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់ រុក្ខជាតិគ្រឿងទេសនៅកម្ពុជា ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុង ម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ។
សៀវភៅមគ្គទេសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា នឹងមានចែកជូនដល់សាធារណជន បណ្ដាញសារព័ត៌មាន តំណាងស្ថាប័ន និងសិស្សនិស្សិតដែលអញ្ជើញចូលរួមក្នុងវេទិកាកេសរកូលជាតិ លើកទី២ និងទស្សនាពិព័រណ៍កេសរកូល នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី។
អាស្រ័យហេតុនេះ សូមសាធារណជន បណ្តាញសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល សិស្ស និស្សិត និងអ្នកពាក់ព័ន្ធទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយរីករាយ៕
ដោយ ៖ សិលា