វៀតណាម ៖ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយ ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មក ហើយមកដល់ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី រវាងកងឯកភាពទាំងពីរ ដែលជាមូលដ្ឋានក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងទៅ ដោយក្នុងនេះកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងសកម្មលើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការសម្រេចបាននូវការដោះស្រាយភារកិច្ចការងារព្រំដែនផ្សេងទៀត ទទួលបានលទ្ធផលល្អប្រសើរ ទោះបីជាប្រទេសទាំងពីរបានជួបប្រទះនូវបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ហើយមិនត្រឹមតែប៉ុណ្ណោះក៏បានផ្តល់ការឧបត្ថម្ភជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។
លទ្ធផលសំខាន់ៗ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
សម្រាប់ទិសដៅឆ្នាំ២០២២ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់រវាងកងឯកភាពទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមគ្នា ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស៕
ដោយ៖ សូរិយា