ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រកាសការពារយុទ្ធសាស្ត្រ Zero-COVID ទោះទទួលរងការរិះគន់ពី WHOក្តី

ចែករំលែក៖

ក្រសួងការបរទេសចិនបានប្រកាសការពារគោលនយោបាយទប់ស្កាត់កូវីដ-១៩ របស់ខ្លួន ដោយសង្ឃឹមថា អគ្គនាយកអង្គការWHO នឹងទទួលស្គាល់គោលនយោបាយ ទប់ស្កាត់កូវីដ-១៩ របស់ខ្លួន។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ ខែឧសភាបានផ្សាយថា ក្រសួងការបរទេសចិន បានអំពាវនាវឱ្យប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ចៀសវាងការនិយាយដោយ«មិនទទួលខុសត្រូវ» បន្ទាប់ពីលោកបានលើកឡើងថា គោលនយោបាយគ្មានកូវីដ (Zero-COVID) របស់ប្រទេសចិនមិនមាននិរន្តរភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជាន (Zhao Lijian) បានការពារវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតរបស់ប្រទេសចិន ដោយបាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រធានអង្គការ WHO អាចពិចារណាលើគោលនយោបាយ Zero-COVID របស់ប្រទេសចិន ដោយភាពមិនលំអៀង។
ប្រធានអង្គការ WHO កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានលើកឡើងនៅក្នុងការអត្ថាធិប្បាយជាសាធារណៈដ៏កម្រដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្តីពីការដោះស្រាយជំងឺឆ្លងរាតត្បាតថា គោលនយោបាយ Zero-COVID របស់ប្រទេសចិន គឺមិនមាននិរន្តរភាពនោះទេ។
លោក Tedros បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «យើងមិនគិតថា វាមាននិរន្តរភាពនោះទេ ដោយពិចារណាលើការវិវត្តនៃវីរុសនោះ និងអ្វីដែលយើងទន្ទឹងរង់ចាំនាពេលខាងមុខ។ យើងបានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញចិន ហើយយើងបានបង្ហាញថា វានឹងមិនមាននិរន្តរភាពនោះទេ… ដូចនេះខ្ញុំគិតថា ការផ្លាស់ប្តូរ នឹងមានសារៈសំខាន់ខ្លាំងណាស់»៕

ដោយ៖ ធីរីណា(រូបថត ៖ THX/TTXVN)

 


ចែករំលែក៖