ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកបន្ទាយស្រីណែនាំឱ្យស្គាល់ លោកស្រី ឈួន អុឹម បេក្ខជនមេឃុំជាស្ត្រីលើកដំបូងបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ សូមណែនាំឱ្យស្គាល់ លោកស្រី ឈួន អុឹម បេក្ខជនមេឃុំជាស្ត្រីលើកដំបូងបំផុតសម្រាប់ប្រវត្តិសាស្ត្រនៃស្រុកបន្ទាយស្រី។ នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ។ 

    អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីបានលើកឡើងថា លោកស្រី ឈួន អុឹម នឹងឈរឈ្មោះជាបេក្ខជនលំដាប់ទី១មកពីគណបក្សប្រជាជនកម្ពុជា សម្រាប់តំណែងជាមេឃុំរុនតាឯកនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្នលោកស្រីកំពុងតែកាន់តួនាទីជាជំទប់ទី១នៃក្រុមប្រឹក្សាឃុំរុនតាឯក ជាយុវជនម្នាក់ប្រកបដោយសក្តានុពល ពោរពេញទៅដោយសមត្ថភាព ឆន្ទៈ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់តំណែងជាអ្នកដឹកនាំនៃរដ្ឋបាលឃុំ។ 

    លោកថ្លែងទៀតថា ខ្ញុំជឿជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលនៅក្នុងលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះទេ លោកស្រី ឈួន អុឹម នឹងមិនគ្រាន់តែក្លាយជាមេឃុំស្ត្រីលើកដំបូងសម្រាប់ស្រុកបន្ទាយស្រីនោះទេ តែលោកស្រីនឹងក្លាយទៅជានិមិត្តរូបមួយនៃការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងមុខងារសាធារណៈ ដែលអាចនឹងជួយត្រួសត្រាយផ្លូវឱ្យយុវនារីផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រីយកគំរូតាម និងហ៊ានឈោងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ៕ 

                         

ដោយ ៖ សិលា


ចែករំលែក៖