ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិវៀតណាមម្នាក់ធ្លាក់ពីលើអគារកាស៊ីណូឃីងក្រោន តែមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង ៖  មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយប្រញាប់រាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យខណ:ដែលមានបុរសម្នាក់ធ្លាក់ពីលើអគារជាន់ទី៨ កាស៊ីណូឃីងក្រោនដោយគេមិនទាន់ដឹងពីមូលហេតុនោះទេ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅកាស៊ីណូឃីងក្រោន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះDAO QUANG DUNG  អាយុ២២ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : C9981700 មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

    ប្រភពបន្តថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីមនុស្សលោតពីលើអគារL ជាន់ទី៨ បន្ទប់លេខ៧២៧ កាស៊ីណូឃីងក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ពេលទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញដឹកនាំដោយលោក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងលោកដូរ៉ា    អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ​ ព្រមទាំងលោកវេជ្ជបណ្ឌិត នួន រិទ្ធី ប្រធានផ្នែកពិគ្រោះនៃមន្ទីរពេទ្យបង្អែកជីភូ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យលើខ្លួនសាកសព។

    សមត្ថកិច្ចបញ្ជាក់ថា តាមការសន្និដ្ឋានផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការស្ដាប់ចម្លើយសាក្សីឆ្លើយបំភ្លឺ និងលោកវេជ្ជបណ្ឌិត នួន រិទ្ធី គឺយើងសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយសារប៉ះទង្គិចផ្នែកដងខ្លួនធ្ងន់ធ្ងរពិតប្រាកដមែន ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។

   បច្ចុប្បន្នសាកសពត្រូវបានបញ្ជួនទៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ(វត្តស្ទឹងមានជ័យ) រាជធានីភ្នំពេញ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖