ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានថ្លែងថា, ព្រឹកនេះ ខ្ញុំបានជួបជាមួយប្អូនៗនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយមានប្អូនម្នាក់បានសួរមកខ្ញុំថា៖ ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ?
លោកថ្លែងបន្តថា, ដំបូងខ្ញុំឆ្លើយថា ខ្ញុំមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ដឹកនាំយុវជន តែសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។ ជាក់ស្តែង ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ តែអ្វីដែលអាចនិយាយបាននោះគឺ ខណៈយើងស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងដោះស្រាយបញ្ហាកាន់តែពិបាក។ ការណ៍នេះហើយ ដែលទាមទារឱ្យយើងម្នាក់ៗ ត្រូវចេះស្គាល់ ក្តាប់ស្ថានការណ៍ វាយតម្លៃស្ថានភាពឱ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឱ្យអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឺមគ្នានេះ បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួន សមត្ថភាពនៃការចេះសម្របសម្រួលក៏សំខាន់មិនអាចកាត់បាន ព្រោះថាវាជាមូលដ្ឋានក្នុងឈានដល់ការសម្រេចចិត្តណាមួយ។ ជាក់ស្តែង ជាមួយនឹងបទពិសោធក្នុងការដឹកនាំស.ស.យ.ក. អាចបញ្ជាក់បានថា សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំសម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈ និងភាពហ្មត់ចត់តែទន់ភ្លន់ក្នុងការរក្សាទំនាក់ទំនង នឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង។
សូមបញ្ជាក់ថា, ករណីខាងលើគឺ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ៕
ដោយ ៖ សុខ ខេមរា