ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកជាប់ពន្ធ។ ក្នុងនោះបញ្ជាក់ថា, នាពេលថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារបានទទួលដំណឹងថា មានមនុស្សមួយក្រុមដែលក្នុងនោះបាន ប្រើប្រាស់និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា+ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋានឬមានពាក់កាតសម្គាល់អង្គភាព នៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនីThyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និងអ្នកជាប់ពន្ធ មេត្តាជ្រាបថា មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាព ក្រោមឱវាទនៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ។ ករណីនេះគឺជាករណីប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ឯកសណ្ឋានសម្រាប់អាជ្ញាធរសាធារណះ ដែលអគ្គនាយកដ្ឋានពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និង ឯកសណ្ឋានក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជនឬអ្នកជាប់ពន្ធ តាមរូបភាពណា មួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់ អគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកជូនសាធារណជន និងអ្នកជាប់ពន្ធ សូមចៀសវាងការពាក់ព័ន្ធ ជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឱ្យមានការឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ច ក្នុងរូបភាពណាមួយជាយថាហេតុ និងសូម លើកទឹកចិត្តដល់សាធារណជន និងអ្នកជាប់ពន្ធដែលទទួលបានព័ត៌មានពីការក្លែងបន្លំខាងលើ សូមរាយការណ៍មក អគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ១២៧៧។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកជាប់ពន្ធ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហ ការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សុខ ខេមរា