ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា ការចែកចាយ និងកំណត់តម្លៃសំបុត្រវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League បានដំណើរការ និងបែងចែកហើយដើម្បីជួយឲ្យក្លិបទទួលបានអ្នកគាំទ្រចូលទស្សនាដើម្បីផ្តល់កម្លាំងចិត្តរៀងៗខ្លួន។
លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool បានសួរថាហេតុអ្វីបានជាសំបុត្រស្ទើរតែពាក់កណ្តាលនៃ៧៥,០០០សន្លឹកសម្រាប់ការប្រកួតទល់នឹងក្រុម Real Madrid ក្នុងទីក្រុងប៉ារីស ត្រូវបានផ្តល់ឱ្យអ្នកឧបត្ថម្ភ និងមន្ត្រី? សំបុត្ររបស់អ្នកគាំទ្រក្រុម Liverpool ភាគច្រើនមានតម្លៃ១២៥ផោន ឬច្រើនជាងនេះ ហើយ៩៣.៥% នៃប្រាក់ចំណូលបានទៅក្លិប។
លោក Ceferin បានអះអាងថា “សម្រាប់ពួកយើង មិនមានអ្វីផ្លាស់ប្តូរច្រើនទេ ប្រសិនបើសំបុត្រទាំងអស់មានតម្លៃ១០អឺរ៉ូ ប៉ុន្តែវានឹងផ្លាស់ប្តូរច្រើនសម្រាប់ក្លិប។ វាជាប្រព័ន្ធដែលដំណើរការ ហើយក្លិបមិនអាចដំណើរការខុសគ្នាទេ”។
ក្រុម Liverpool នឹងប្រកួតជាមួយ Real Madrid នៅកីឡដ្ឋាន Stade de France នៅថ្ងៃទី២៨ ឧសភាខាងមុខ។ ក្លិបនីមួយៗបានទទួលសំបុត្រចំនួន១៩,៦១៨សន្លឹក ខណៈដែល១២,០០០ទៀតត្រូវបានដាក់លក់ជាទូទៅតាមរយៈសន្លឹកឆ្នោតដែលបានបិទមុនពេលការប្រកួតជើងទីពីរពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានលេង។ ច្រើនជាង១ភាគ៥នៃការបែងចែករបស់ក្រុម Liverpool នឹងមានតម្លៃចន្លោះពី៤១០ផោនទៅ៥៧៨ផោន ប៉ុន្តែលោក Ceferin បានប្រកែកថា នេះជាប្រព័ន្ធផ្តល់អត្ថប្រយោជន៍ដល់ក្លិបសម្រាប់ចំណូលហិរញ្ញវត្ថុ។
លោកCeferin បាននិយាយនៅឯសមាជ Uefa នៅទីក្រុងវីយែនថា “ខ្ញុំបានពន្យល់រឿងដូចគ្នានេះទៅកាន់គ្រូបង្វឹកម្នាក់នៃក្រុមទាំងពីរកាលពីប៉ុន្មានថ្ងៃមុន ហើយខ្ញុំអាចធ្វើវាបាននៅទីនេះ។ ខ្ញុំបានពន្យល់គាត់បន្តិច ហើយចំណាយពេលច្រើន ពីចំណូលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Uefa ទទួលបាន៦.៥% និង៩៣.៥% ទៅក្លិប ព្រមទាំងពីការប្រកួតផ្សេងទៀត១០០% នៃប្រាក់ចំណូលទៅក្លិប។ អ្នកគាំទ្រក្រុមទាំងពីរទទួលបានសំបុត្រចំនួន២០,០០០សំបុត្រក្នុងម្នាក់ៗ។ អ្នកឧបត្ថម្ភដែលចំណាយប្រាក់ឧបត្ថម្ភ១០០ ឬច្រើនជាងនេះ ដែលក្នុងនោះ៩៣.៥% ទៅក្លិបដូចគ្នាដែលទទួលបានសំបុត្រមួយចំនួន។ នេះជាផ្នែកមួយនៃកាតព្វកិច្ចកិច្ចសន្យាដែលយើងមាន”។
លោកបញ្ជាក់ថា “Uefa មិនទទួលបានសំបុត្រច្រើនជាងកន្លែងផ្សេងទៀតទេ។ សំបុត្រខ្លះទៅទីផ្សារ សំបុត្រខ្លះទៅអ្នកគាំទ្រ និងខ្លះទៅដៃគូ មិនមែន Uefa ទេ។ ខ្ញុំមិនផ្តល់សំបុត្រដោយឥតគិតថ្លៃដល់មិត្តភក្តិរបស់ខ្ញុំ ឬលក់ទៅឱ្យមិត្តភក្តិរបស់ខ្ញុំនោះទេ។ ការរំពឹងទុកណាមួយនៃក្របខ័ណ្ឌ European Super League បានបញ្ចប់ ដោយ Uefa បានយល់ព្រមលើទម្រង់ថ្មីសម្រាប់ក្របខ័ណ្ឌការប្រកួតក្របខ័ណ្ឌ Champions League ចាប់ពីរដូវកាល២០២៤-២០២៥ទៅ។
ក្លិបធំៗចំនួន១២របស់ទ្វីបអឺរ៉ុបបានចុះឈ្មោះសម្រាប់ការប្រកួតដែលបានស្នើឡើងកាលពីខែមេសាមុន ប៉ុន្តែសម្រាប់តែគម្រោងនេះនឹងត្រូវដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការរិះគន់ពីកីឡាករ និងអ្នកគាំទ្រ ក៏ដូចជារដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រងបាល់ទាត់។ ក្លិប Real Madrid, Barcelona និង Juventus នៅតែបើកចំហចំពោះគំនិតនេះ ប៉ុន្តែលោកCeferin បាននិយាយថា “ខ្ញុំមិនចូលចិត្តហៅវាថា Super League ទេព្រោះវាជាអ្វីគ្រប់យ៉ាងលើកលែងតែ Super League។ សម្រាប់ខ្ញុំគម្រោងនេះត្រូវបានបញ្ចប់ម្តងហើយសម្រាប់ទាំងអស់ ឬយ៉ាងហោចណាស់ក៏២០ឆ្នាំ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនៅពេលក្រោយនោះទេ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)