លោក Jurgen Klopp បានវាយតម្លៃពីឱកាសរបស់ក្រុមហង្សក្រហមLiverpool ក្នុងការឈ្នះពាន Premier League ថា “មិនទំនង ប៉ុន្តែអាចធ្វើទៅបាន” បន្ទាប់ពីបានធ្វើការប្រជែងដណ្តើមពានរហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Southampton កាលពីរាត្រីថ្ងៃអង្គារ។ បន្ទាប់ពី Liverpool បានយកឈ្នះ Chelsea ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដ៏ស្វិតស្វាញត្រឹមតែ៣ថ្ងៃមុន លោក Klopp នៅតែមានក្តីសង្ឃឹម ដោយក្រុមរបស់លោកមិនទាន់ស្គាល់រសជាតិចាញ់នោះទេក្នុង១០ប្រកួតចុងក្រោយនេះ ។
ថ្វីត្បិតតែក្រុមភ្ញៀវ Liverpool ដាក់សម្ពាធច្រើនជាងក្រុមម្ចាស់ផ្ទះ Southampton ក៏ដោយក៏ក្រុមម្ចាស់ផ្ទះមានឱកាសរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុននៅនាទីទី១៣ក្នុងតង់ទី១ដោយកីឡាករ Nathan Redmond ហើយនៅនាទីទី២៧ ក្រុម Liverpool បានវាយបកវិញតាមស្មើដែលជាការរកគ្រាប់បាល់បានដោយកីឡាករ Takumi Minamino ។
ចូលដល់តង់ទី២ ក្រុមភ្ញៀវ Liverpool នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ Southampton រហូតដល់បំប៉ោងសំណាញ់ទីបាន១គ្រាប់ទៀតនៅនាទីទី៦៧ ដោយកីឡាករ Joel Matip។ ជ័យជម្នះនេះធ្វើឲ្យក្រុមហង្សក្រហមមានត្រឹមតែ១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ដោយក្រុមទាំង២នៅសល់មួយប្រកួតទៀតដែលជាការប្រកួតបញ្ចប់រដូវកាលនេះ។
ការប្រជែងដណ្តើមពានសម្រាប់ Man City នឹងគ្រងជើងឯករដូវកាលនេះប្រសិនបើពួកគេឈ្នះ Aston Villa នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែ Liverpool នឹងក្លាយជាម្ចាស់ជើងឯកជាលើកទី២ក្នុងរយៈពេល៣រដូវកាល ប្រសិនបើពួកគេយកឈ្នះ Wolves នៅ Anfield ហើយ Man City បរាជ័យ។
ក្រុមរបស់លោក Klopp ត្រូវបានគេរំពឹងថានឹងអាចយកឈ្នះក្រុម Wolves ជាពិសេសឥឡូវនេះកីឡាករសំខាន់ៗរបស់ពួកគេដែលអាចត្រឡប់មកក្រុមវិញ ប៉ុន្តែកីឡាករមួយចំនួនដូចជា Sadio Mane, Luis Diaz, Andrew Robertson, Thiago Alcantara និង Trent Alexander-Arnold ស្ថិតក្នុងចំណោមអ្នកដែលត្រូវអវត្តមានពេលប៉ះ Southampton ខណៈ Mohamed Salah និង Virgil van Dijk ត្រូវអវត្តមានដោយសាររបួសកាលពីប្រកួតនៅកីឡដ្ឋាន Wembley ជាមួយ Chelsea ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)