ខេត្តត្បូងឃ្មុំ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិតជាង ៥០០នាក់ បានរួមគ្នា ធ្វើពិធីបង្សុកូល រាប់បាតព្រះសង្ឃចំនួន ៤៥អង្គ ឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធវិរៈយុទ្ធជន វិរៈយុទ្ធនារី នាឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២២ ជាការរំលឹកនូវគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដោយបានបូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជនចេញពី របបប្រល័យពូជសាសន៍ខ្មៅងងឹតយង់ឃ្នង ប៉ុល ពត ។
ពិធីនេះ ប្រព្រឹត្តនៅក្នុងបរិវេណវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតនៅក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីកាសម្តែងទស្សនីយភាព រំលឹកពីការដឹកនាំរបស់របបវាលពិឃាត ដែលកម្ពុជាយើងបានឆ្លងផុតអស់រយៈពេលជាង ៤០ ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៏លើកឡើងថា ថ្ងៃទី២០ ឧសភា ជាទិវាចងចាំ មិនអាចបំភ្លេចបាន នូវសោកនាដកម្មខ្លោចផ្សាក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
លោកបណ្ឌិតអភិបាលខេត្ត បានបន្តថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចងចាំទុក មិនអាចបំភ្លេចបានឡើយ នូវសម័យកាលខ្មៅងងឹត យ៉ុង់ឃ្នង ដូចជាឋាននរក ដែលបានកើតឡើងនៅលើទឹកដី នៃមាតុភូមិកម្ពុជា នោះគឺ របបកម្ពុជាប្រជាធិបតេយ្យ ប្រល័ពូជសាសន៍។
ការជួបជុំគ្នារបស់យើងនៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈរបស់បញ្ញវ័ន្ត អ្នកស្នេហាជាតិ និងប្រារព្ធពិធីបង្សុកូល រាប់បាត្រ ប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណរបស់លោកអ្នកទាំងនោះ នៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស។ សូមដួងវិញ្ញាណខ័ន្ធទាំងអស់ អនុមោទនាទទួលយក និងសូមបានចាប់បដិសន្ឋិនៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បញ្ជាក់ទៀតថា ថ្វីដ្បិតតែប្រជាជនកម្ពុជាគ្រប់រូប មមាញឹកនឹងកិច្ចការប្រកបរបរចិញ្ចឹមជីវិតក្តី រងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិនៃសង្រ្គាមរវាង មហាអំណាចរុស្ស៊ី និងប្រទេសអ៊ុយក្រែនក្តី ក៏កម្ពុជាយើងនៅតែជម្នះទៅមុខបានជានិច្ច ក្រោមម្លប់សុខសន្តិភាព ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលដឹកនាំកម្ពុជា អោយមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតផងដែរ៕
ដោយ៖សហការី