(តពីលេខមុន)
ផ្អែកតាមមេរៀនប្រវត្តិសាស្ត្រនៃការគ្រប់គ្រងលោកនេះ តាំងពីបឋមកប្ប មកដល់បច្ចុប្បន្នការគ្រប់គ្រងដែលប្រកបដោយធម៌ដ៏ប្រសើរ ញ៉ាំងប្រជុំជនឲ្យដល់នូវភាពរុងរឿងគ្រប់ប្រការនោះ គឺស្ដេចចក្រពត្តិពីព្រេងនាយមានចក្ខុវិស័យនយោបាយដូចខាងក្រោម÷
– ធម៌គឺជាស្ថាប័ននយោបាយកំពូលដែលត្រូវបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលនៅបញ្ញាញាណទិព្វ គ្របដណ្ដប់ទៅលើគ្រប់វិស័យសង្គមនៅក្នុងដែន ឲ្យស្គាល់ច្បាស់នូវហេតុពិត គោរពនូវហេតុ បូជានូវហេតុ យកហេតុពិតជាទង់ជ័យ យកហេតុពិតទុកជាអធិបតីដោះស្រាយបញ្ហាទៅតាមហេតុពិត ទើបញ៉ាំងសេចក្តីត្រេកអរជូនជនក្នុងដែនបាន។
– គ្រប់រចនាសម្ព័ន្ធការងារសង្គមត្រូវបំពេញតួនាទីតាមច្បាប់សង្គមផង តាមធម៌ពិតផង ក្នុងការញ៉ាំងភាពរុងរឿងគ្រប់ប្រការជូនជនក្នុងដែនឲ្យរីករាយ ។
– វិស័យបច្ច័យ៤ ក្នុងនោះអ្វីៗត្រូវប្រមូលផ្ដុំគាំទ្រដល់បញ្ហាស្បៀងនិងចំណីអាហារដែលស្ដេចចក្រពត្តិពីព្រេងនាយតែងយកចិត្តទុកដាក់។
– អាស្រ័យតែស្ដេចចក្រពត្តិទី ៧មិនយកចិត្តទុកដាក់ខាងវិស័យសេដ្ឋកិច្ចនេះជូនជនក្នុងដែន នាំឲ្យអំពើអធម៌ចេះតែចម្រើនក្នុងលោក។ កាលអំពើទុច្ចរិតកើតឡើង ស្ដេចចក្រនេះបានបញ្ជាឲ្យរាជបុរសប្រើអាវុធ ដាក់អាជ្ញា ចំពោះជនល្មើសដោយអាវុធ ជាដើមហេតុនាំឲ្យអំពើលួច អំពើកាប់សម្លាប់ ការភូតកុហកកាន់តែរីកចម្រើនឡើងៗរហូតមកដល់បច្ចុប្បន្ន។
ត្រង់ប្រការនេះទើបព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងថា តទៅមុខកូនរបស់មនុស្សមានអាយុ ១០ ឆ្នាំ កុមារិកាអាយុ ៥ ឆ្នាំ នឹងល្មមឱ្យមានប្ដី ខណៈនោះវិបត្តិស្បៀងអាហារនឹងកើតមានជាទូទៅ កុសលកម្មបថនឹងសាបសូន្យទូទៅគ្រប់អន្លើអកុសលកម្មនឹងចម្រើនឡើងនៅពេលនោះ សត្ថន្តរកប្ប គឺសង្គ្រាមប្រល័យលោកដោយអាវុធនឹងកើតឡើងអស់ ៧ ថ្ងៃ។ កាលឃើញប្រចក្សនៃការអស់ទៅនៃញាតិច្រើន អាស្រ័យប្រកាន់ធម៌ដ៏លាមកនេះ ទើបភ្ញាក់រលឹកនាំគ្នាចាប់ផ្ដើមសមាទានកុសលកម្មឡើងវិញ សេចក្តីចម្រើនអាយុ…ក៏ចេះតែចម្រើនឡើងជាលំនាំដែរ។
សេចក្តីនៃនិទាននេះ យើងអាចរកឃើញផលវិបាកនៃការគ្រប់គ្រងរបស់ស្ដេចចក្រទី ៧ ត្រង់មិនយកព្រះទ័យទុកដាក់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជូនជនក្នុងដែន។ កាលសេចក្តីទីទាល់ក្រមានច្រើនឡើង អំពើទុច្ចរឹតក៏ចម្រើនឡើងដែរ ទ្រង់បានប្រើវិធានការបង្ក្រាបដោយអាជ្ញា រហូតចុងក្រោយព្រះពុទ្ធបានព្យាករណ៍ថា ពួកមនុស្សនឹងភ្ញាក់រលឹកស្អប់ខ្ពើមធម៌លាមក នាំគ្នាចាប់សមាទានកុសលធម៌ឡើងវិញដោយសារឃើញទោស ឃើញអានិសង្សប្រចក្សនឹងភ្នែករៀងៗខ្លួននោះ ៕ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត