ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូហុងវ៉េវមិនប្រកាន់ស្ដាំទៅបុកជាមួយម៉ូតូហុងដាស្គូពីដែលបញ្ច្រាសគ្នាស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ និងបុរសម្នាក់ទៀតរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងវ៉េវដែលបើកមិនប្រកាន់ស្ដាំទីបុកជាមួយម៉ូតូម៉ាកហុងដាស្គូពីដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងវេលារសៀល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅចំណុចភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ នាត ផារី  អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១BT-៨២៨៧ខូចខាតទាំងស្រុង។

    ចំណែកអ្នកបើកបរបង្កហេតុមានឈ្មោះគង់ អាំ អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្មាច់ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាក HONDA Wave ពណ៌ខ្មៅ គ្មានស្លាកលេខ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១BT-៨២៨៧ លើផ្លូវលំក្រាលក្រួសក្រហម ដោយធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA Wave ពណ៌ខ្មៅ គ្មានស្លាកលេខ

ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្តាំក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្តង។

    ក្រោយមកស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវក៍បានស្លាប់គួរឱ្យសង្វេគបំផុត។

    ចំណែកវត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសាំង ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖