កាលពីថ្ងៃទី២២ខែឧសភា រដ្ឋសភាអ៊ុយក្រែនបានបោះឆ្នោត ពន្យារពេលច្បាប់អាសន្នបន្ថែម ៩០ថ្ងៃទៀត រហូតដល់ថ្ងៃទី២៣ខែសីហា។
តាមការប្រកាសនៅលើបណ្តាញតេឡេក្រាម សភាអ៊ុយក្រែនដែលមានសមាជិក៤៥០នាក់ ទទួលបានការគាំទ្រ ៣២០សំឡេង ។ ប្រធានាធិបតី Volodymyr Zelensky នឹងចុះហត្ថលេខាក្លាយទៅជាច្បាប់ក្នុងពេលដ៏ខ្លីខាងមុខ។
ក្នុងពេលនេះដែរជំនួយការម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន គឺលោក វ្ល៉ាឌីមៀរ មេឌីនស្គី (Vladimir Medinsky) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា រុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយអ៊ុយក្រែនដែលត្រូវបានផ្អាកដោយសារតែទីក្រុងកៀវ (Kiev)។
លោក Medinsky បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍បេឡារុស្ស ONT យ៉ាងដូច្នេះថា «យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចា។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាពតទៅមុខទៀត គឺអាស្រ័យលើអ៊ុយក្រែន ព្រោះកិច្ចចរចាកន្លងមកត្រូវបានផ្អាកក៏ដោយសារតែ អ៊ុយក្រែនផងដែរ»។
លោក Medinsky បានបន្ថែមថា «រុស្ស៉ីមិនដែលបដិសេធ ឬគេចវេះមិនធ្វើកិច្ចចរចានោះទេ រួមទាំងនៅកិច្ចប្រជុំថ្នាក់កំពូល។ ប្រធានាធិបតី រុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានអះអាងម្តងហើយម្តងទៀតថា បញ្ហានោះបានរៀបចំយ៉ាងហ្មត់ចត់ គឺចាំបាច់ណាស់សម្រាប់កិច្ចប្រជុំថ្នាក់កំពូល ដែលជាកិច្ចប្រជុំរវាង ប្រធានាធិបតី ហើយឯកសារគួរតែត្រូវបានព្រាងទុកសម្រាប់កិច្ចប្រជុំបែបនេះ»។ លោក Medinsky បានពន្យល់ថា «ប្រមុខរដ្ឋគួរតែជួបប្រជុំគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ និងចុះហត្ថលេខាលើឯកសារ ប៉ុន្តែមិនត្រូវថតរូបនោះទេ»៕ ដោយ៖ ធីរីណា
រូបថត ៖ VOV.VN