នៅថ្ងៃទី២៣ខែឧសភា ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រកាសឱ្យដឹងថា អំពើងហិង្សា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រទេសផ្សេងទៀតនៅលើពីភពលោកបានធ្វើឱ្យពលរដ្ឋត្រូវចាកចេញពីផ្ទះសម្បែង បានកើនឡើងរហូតដល់ជាង១០០លាននាក់ ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំំ២០២២ បានផ្សាយថា អង្គការ UNHCR បានឱ្យដឹងបន្ថែមថា សង្រ្គាមនៅអ៊ុយក្រែនគឺជាកត្តាជំរុញមួយឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ខណៈដែលជម្លោះកំពុងអូសបន្លាយនៅឯអេត្យូពី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាកត្តាមួយផ្សេងទៀត នៅពីក្រោយចំនួនជនភៀសខ្លួនដ៏ច្រើនលើសលប់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីប៉ូ ហ្រ្គេនឌី (Filippo Grandi) បានគូសបញ្ជាក់ថា «តួលេខនេះ គឺជាសារដាស់តឿនមួយដើម្បីឱ្យការដោះស្រាយនិងទប់ស្កាត់ជម្លោះ បញ្ចប់ការធ្វើទុក្ខបុកម្នេញ និងរកមូលហេតុដែលបង្ខំឱ្យប្រជាជានស្លួតត្រង់ ត្រូវរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ»។ លោក ហ្រ្គេនឌី បានជំរុញឱ្យមានការចាត់វិធានការដោះស្រាយមូលហេតុ ចំពោះមុខនៃការភៀសខ្លួន ដោយនិយាយថា ជំនួយមនុស្សធម៌ គ្រាន់តែអាចទប់ស្កាត់ផលវិបាកមួយកម្រិតប៉ុណ្ណោះ។
ទិន្នន័យខាងលើរបស់ UNHCR គឺរួមមានជនភៀសខ្លួន, អ្នកស្វែងរកសិទ្ធិជ្រកកោន និងអ្នកផ្លាស់ទីលំនៅក្នុងស្រុក។ កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលតាមដានការភៀសខ្លួនក្នុងស្រុក IDMC បានអះអាងថា ចំនួនអ្នកដែលផ្លាស់ទីលំនៅនៅក្នុងប្រទេសពួកគេផ្ទាល់ បានឈានដល់កម្រិតកំណត់ត្រា គឺជិត៦០លាននាក់ គិតត្រឹមចុងឆ្នាំ២០២១៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN