ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន អំពាវនាវឱ្យរក្សាឱ្យបាន នូវសណ្តាប់ធ្នាប់ សន្តិភាព និងសន្តិសុខស្បៀង ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានលើកឡើងថា ក្នុងពេលដែលពិភពលោកកំពុងងើបឡើងពីវិបត្តិកូវីដ-១៩ បញ្ហានៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យពិភពលោកប្រឈមនឹងបញ្ហាបន្ថែមទៀតដែលជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។ សម្ដេចបានអំពាវនាវឱ្យពិភពលោករក្សាឱ្យបាននូវសណ្ដាប់ធ្នាប់ សន្ដិភាព និងសន្ដិសុខស្បៀងពិភពលោក ដើម្បីធានាដល់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងពិភពលោក។ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នបរិបទនៃជំងឺកូវីដ-១៩ ក្នុងពិភពលោកមានភាពប្រសើរតែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេ ហើយអាទិភាពចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។

សម្ដេចតេជោ ថ្លែងបែបនេះក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភានេះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក និងបានលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលថាវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។ សម្តេចបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឱ្យបាននូវលំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

ក្នុងនាមជាប្រធាអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថាសន្និបាតប្រចាំឆ្នាំលើកទី៧៨នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការតបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្តារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣២,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៥,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៣,៨៨% ។

សូមជម្រាបថា, កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាតសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ៕

ដោយ ៖ សិលា


ចែករំលែក៖