ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់ដែរបានរងរបួសធ្ងន់និងស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹង គោយន្តកន្ត្រៃដែលបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកភូមិជាំធំលើផ្លូវជាតិលេខ៩ ក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ អុីម លីចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បើកបរ រថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-0141 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបុកជាមួយគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហមដែលបើកឆ្លងផ្លូវពីជើងទៅកើត បើកបរដោយឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បណ្ដាលឱ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល៣នាក់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នករបួសមាន៖
១-ឈ្មោះគុណ សៀវ៉ៃ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរជាមួយរថយន្តបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង រួចហើយបន្តទៅខេត្តសៀមរាប។
២-ឈ្មោះ គុណ តាំងស្រ៊ុន ភេទប្រុសអាយុ៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរជាមួយរថយន្តបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ហើយបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប។
៣-ឈ្មោះអេង សៀលីម ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរជាមួយរថយន្តបានរងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ហើយបន្តទៅខេត្តសៀមរាប។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់គោលដៅដើម្បីធ្វើការត្រួតពិនិត្យនិងវាស់វែងហើយបានយករថយន្តនិងគោយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សម