ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសទាំង៤ចេញសេចក្តីប្រកាសរួមស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ

ចែករំលែក៖

អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ជាប្រទេសស្ថិតនៅក្នុងក្រុម (Quad) នាថ្ងៃទី២៤ខែឧសភា បានចេញសេចក្តីប្រកាសរួម ក្រោយបញ្ចប់កិច្ចប្រជុំស្តីពីបញ្ហាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងធានាសុខភាពដល់ពលរដ្ឋចំពោះស្ថានភាពនៃការឆ្លងកូវីដ-១៩ និងហេដ្ឋារចនាសម្ព័ន្ធ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី២៤ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា មេដឹកនាំទាំង៤រូបនៃក្រុមប្រទេស (Quad) នៅថ្ងៃអង្គារនេះបានប្តេជ្ញាធ្វើការរួមគ្នាដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ (free and open Indo-Pacific) អំឡុងពេលចាប់ផ្តើមកិច្ចពិភាក្សា ហើយថែមទាំងប្តេជ្ញាលើការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងមេដឹកនាំអូស្រ្តាលី, ឥណ្ឌា និងជប៉ុន បានចាប់ផ្តើមកិច្ចពិភាក្សាដោយផ្តោតសំខាន់លើការកើនឡើងនៃឥទ្ធិពលរបស់ ប្រទេសចិន ក៏ដូចជាការត្រួសត្រាយផ្លូវលើភាពខ្វែងគំនិតគ្នាចំពោះបញ្ហាមួយចំនួន រួមទាំងរុស្ស៊ីផងដែរ។ ប៉ុន្តែឥណ្ឌាក្នុងនាមជាសមាជិកក្វាដ បានធ្វើឱ្យអាមេរិកខកចិត្ត ដោយទីក្រុងញូវដេលីមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្ម និងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។
តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីលោកខាងលិចបានសម្រេចចិត្តជំរុញដល់នាយករដ្ឋមន្រ្តីឥណ្ឌា ពិចារណាលើបញ្ហានេះដោយ
សន្សឹមៗ ជំនួសឱ្យការសង្កត់ធ្ងន់ លើទស្សនៈរួមគ្នារបស់ពួកគេលើប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាបញ្ហាប្រឈមរយៈពេលវែងជាងបញ្ហារុស្ស៊ី។
បើតាមក្រុមមន្រ្តីអាមេរិក, គោលបំណងមួយទៀតដែលទីក្រុងវ៉ាស៊ីនតោន នឹងដាក់ចូលទៅក្នុងកិច្ចប្រជុំ Quad គឺការស្វែងរកវិធីសាស្រ្តដើម្បីកាត់ផ្តាច់ឥណ្ឌាចេញពីការពឹងផ្អែកលើការទិញសម្ភារ ឬបរិក្ខារយោធាពីរុស្ស៊ី តាមរយៈការផ្តល់ជំនួយផ្នែកការពារជាតិ ក៏ដូចជាការគាំទ្រផ្សេងទៀតដល់ឥណ្ឌា ដើម្បីពន្លឿនការផ្លាស់ប្តូរនេះ។ រីឯ ទីក្រុងញូវដែលី ក៏បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងពិចារណាផ្តល់ការវិនិយោគចំនួន៤ពាន់លានដុល្លារបន្ថែមលើការវិនិយោគដែលមានស្រាប់ ខណៈភាគីទាំងពីរបានចុះហត្ថលេខាលើការផលិតវ៉ាក់សាំងកូវីដ-១៩, ការថែទាំសុខភាព, ថាមពលកកើតឡើងវិញ, ការដាក់បញ្ចូលជំនួយហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ៕

រូបថត៖ Reuters 

ដោយ៖ធីរីណា(រូបថត៖ AP)


ចែករំលែក៖