ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីលួចម៉ូតូពលរដ្ឋបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា មានករណីលួចម៉ូតូបានសម្រេចនៅមុខផ្ទះគ្មានលេខ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២/៥/២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹកនាពេលកន្លងទៅ ហើយត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ។

      សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉ែន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលឃាត់ខ្លួនបានមានឈ្មោះជ័យ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

     គួរបញ្ចាក់ថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GT-៥០០៧ នៅមុខផ្ទះ និងទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះសម្រាក ស្រាប់តែជនសង្ស័យ៣នាក់ ឈ្មោះ ជ័យ រដ្ឋា, ឈ្មោះទឹង អែម និងឈ្មោះ ង៉ោល ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខមកឈប់នៅក្បែរ រួចក៏នាំគ្នាលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី ២៤/៥/២០២២ វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជ័យ រដ្ឋា នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ រួមនឹងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ។ ក្នុងនោះដែរ ជាលទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន)៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖