ព័ត៌មានទាន់ហេតុការណ៍៖

លោក Tedros Adhanom Ghebreyesus ជាប់ឆ្នោតជាអគ្គនាយក WHO អាណត្តិទី២

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ២៤ ខែឧសភា ត្រូវបានសមាជិក បោះឆ្នោតជ្រើសរើសជាប្រធានអង្គការសុខភាពពិភពលោក អាណត្តិទីពីរមានរយៈពេល៥ឆ្នាំ។
លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយសម្ងាត់ត្រូវបានប្រកាសដោយប្រធានមហាសន្និបាត WHO គឺលោក អះម៉េដ រ៉ូប្លេ អាប់ឌីឡេហ៍ (Ahmed Robleh Abdilleh) មកពីប្រទេស ជីប៊ូទី (Djibouti) នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយដែលបេក្ខជនឈរឈ្មោះគឺមានតែលោក តេដ្រូសមួយរូបគត់។
ថ្លែងទៅកាន់មហាសន្និបាត WHO បន្ទាប់ពីជាប់ឆ្នោតជាថ្មី លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «គោលដៅចម្បងបន្តទៀតរបស់ WHO នឹងផ្តោតលើការត្រៀមលក្ខណៈ និងកែលម្អទីភ្នាក់ងារសង្រ្គោះបន្ទាន់ ខណៈដែលជំងឺរាតត្បាតមិនធ្លាប់មានពីមុនមកបានផ្តល់មេរៀនជាច្រើនដល់យើង ដើម្បីជំរុញការឆ្លើយតប និងអនុវត្តជាក់ស្តែង»។
លោក តេដ្រូស បានទទួលសំឡេងគាំទ្រចំនួន១៥៥សំឡេង ក្នុងចំណោមសំឡេងឆ្នោតសរុប១៦០សំឡេងសម្រាប់ការបោះឆ្នោតនាអាណត្តិថ្មី ហើយក្រុមមន្រ្តី និងគណៈប្រតិភូបានសម្តែងការអបអរសាទរចំពោះ លោក តេដ្រូស ដែលបានដឹកនាំអង្គការសុខភាពិភពលោកឆ្លងកាត់រយៈពេលដ៏ច្របូកច្របល់ដែលគ្របដណ្តប់ដោយជំងឺរាតត្បាតកូវីដ-១៩៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS​


ចែករំលែក៖