ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់គណបក្សនយោបាយ ត្រូវធ្វើសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ណែនាំដល់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមច្បាប់ តាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២២។ 

នាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី២៤ ខែឧសភាម្សិលមិញនេះ​ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃថា ចាប់តាំងពីឃោសនាបោះឆ្នោត រហូតមកដល់ថ្ងៃនេះ គឺដំណើរឃោសនាបោះឆ្នោត ប្រកបដោយសុខសន្ដិភាព គ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ សម្ដេច ក៏បានចាក់ទុកថា នេះជាជោគជ័យដំបូង នៃការឃោសនាបោះឆ្នោតនៅកម្ពុជា។

សម្ដេចក្រឡាហោម បានសង្កេតឃើញថា ប្រជាពលរដ្ឋមានការអត់ធ្មត់ មិនបង្កបញ្ហាលំបាក ដល់ដំណើរការបោះឆ្នោតឃុំ-សង្កាត់ ដោយមិនបង្កើតអំពើហិង្សាណាមួយទេ។ សម្ដេច បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ បានចូលរួមថែរក្សាសន្ដិសុខ នាឱកាសឃោសនាបោះឆ្នោតនាពេលនេះ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរបោះឆ្នោតកាន់តែល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ ទាំង១៧ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង សូមមេត្តាធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ តាមច្បាប់ បទបញ្ញា និតិវិធី នៃការបោះឆ្នោត ដើម្បីយើងរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យល្អប្រសើរ»។

សម្ដេចក្រឡាហោម បានបន្ថែមថា បើសិនការបោះឆ្នោតនៅកម្ពុជាមិនល្អ គឺជះឥទ្ធិពលដល់ឆាកអន្ដរជាតិថា «កម្ពុជា ជាប្រទេសមួយមិនល្អ»។ សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែក ឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ជាដើម៕ 

ដោយ៖ស​ តារា​


ចែករំលែក៖