ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបើកថយក្រោយកិនម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយ​បណ្ដាលឱ្យកិនមនុស្សម្នាក់ជាអ្នកបើកម៉ូតូមួយគ្រឿងនៅខាងក្រោយរថយន្តបណ្តាលឱ្យស្លាប់បាត់បង់ជីវិត រីឯមនុស្សម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល។  ករណីនេះបានកើតឡើងនៅថ្ងៃទី២៥  ខែឧសភា  ឆ្នាំ២០២២ វេលាម៉ោង១១  និង១៥នាទីព្រឹក ត្រង់ចំណុចខាងត្បូងផ្ទះ ឈ្មោះ ស្នង លេីផ្លូវលំស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ធី គីមសេង ភេទប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ( ស្លាប់ ) ជាអ្នកបើកបរម៉ូតូម៉ាកYAMAHA SIRAUS ពណ៌ប្រផេះ  ពាក់ស្លាកលេខកណ្តាល1R-6564 ។ ចំណែកជនសង្ស័យជាអ្នកបើករថយន្តបង្កហេតុឈ្មោះ គួង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​(ឃាត់ខ្លួន) បើកបររថយន្តម៉ាកNISSAN ពណ៌ត្រេអុី ពាក់ស្លាកលេខ​ ភ្នំពេញ3A-5759។

    ប្រភព​ដដែលបន្តថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងប្រភេទបែនដឹកដី បើកបរក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់ហើយបើកថយក្រោយ​ បណ្តាលឱ្យបុកនិងកិនម៉ូតូមួយគ្រឿងម៉ាកYAMAHA SIRAUS ពណ៌ប្រផេះពាក់ស្លាកលេខកណ្តាល1R-6564ដែលធ្វេីដំណេីរស្របទិសគ្នាជិះគ្នាពីរនាក់បណ្តាលឱ្យអ្នកបេីកម៉ូតូស្លាប់នៅក្រោមរថយន្ត ។  សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកអ្នករួមដំណេីរពីក្រោយឈ្មោះរ័ត្ន សំបូរ ភេទប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរងរបួសស្រាល ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅគ្លីនិកមួយកន្លែង។

   ករណីនេះ.កម្លាំងនគរបាលក្រុងតាខ្មៅ កំពង់កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖