ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំក្រុមប្រចាំបញ្ជា របស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅព្រឹក​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាលេខាធិការដ្ឋាននៃ គ.ស.អ បានដឹកនាំក្រុមទី២ ក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រុមប្រចាំការទី២នេះ រួមមាន ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រធាន និងលោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ព្រមទាំងឯកឧត្តម អស់លោកមកពីតាមបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតជាសមាជិក។

ក្រុមប្រចាំបញ្ជាមានតួនាទី ជាសេនាធិការជូនលេខាធិការដ្ឋាននៃ គ.ស.អ និងមានភារកិច្ចដូចខាងក្រោម ៖

-ជួយដល់លេខាធិការដ្ឋាននៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន និងក្រោយបោះឆ្នោត ។

-ប្រមូលផ្ដុំព័ត៌មាន និងរបាយការណ៍ពីបណ្ដាលក្រសួង/ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានសេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។

-តាមដាន ក្ដាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើតនៅតាមបណ្ដាលរាជធានី-ខេត្ត ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត  ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ  ដើម្បីចង្អុលដឹកនាំទៅអង្គភាពជំនាញ ធ្វើការដោះស្រាយបានទាន់ពេលវេលា។

-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ៕

ដោយ​៖សហការី​


ចែករំលែក៖