ព័ត៌មានទាន់ហេតុការណ៍៖

លោក Zelensky ចង់ជួបលោកពូទីន តែវិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនមិនបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាសន្តិភាពឡើយ

ចែករំលែក៖

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសឱ្យដឹងថា សំណើពិភាក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Zelensky ជាមួយប្រធានាធិបតីពូទីន គឺជាការផ្ទុយនឹងការសម្រេចរបស់ទីក្រុងកៀវនាពេលកន្លងមកដែលបានប្រកាសថាមិនមានកិច្ចពិភាក្សាណាមួយជាមួយទីក្រុងមូស្គូនោះឡើយ។
ពេលថ្មីៗនេះ លោកVolodymyr Zelensky បានប្រកាសជាច្រើនលើករួចមកហើយពីគោលបំណងចង់ពិភាក្សាជាមួយប្រធានាធិបតីពូទីន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អ៊ុយក្រែននៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា កងកម្លាំងរបស់ខ្លួនប្រហែលជានឹងត្រូវដកថយចេញពីមូលដ្ឋានតស៊ូចុងក្រោយ នៅក្នុងតំបន់លូហាន (Luhansk) ដើម្បីចៀសវាងក្លាយជាឈ្លើយសឹក ខណៈដែលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកកាន់តែរុលទៅមុខ នៅក្នុងតំបន់ដុនបាស់។
ការដកថយនេះអាចនាំឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ខិតកាន់តែជិតទៅដល់គោលដៅក្នុងការដណ្តើមយកតំបន់លូហាន និងដូណេត ដែលស្ថិតនៅ ភាគខាងកើតរបស់អ៊ុយក្រែនយ៉ាងពេញលេញ នៅក្នុងបរិបទដែលកងទ័ពរុស្ស៉ីបានកាន់កាប់ទីតាំងសំខាន់ៗមួយចំនួននៃតំបន់ទាំងពីរនេះ។ បើតាមអភិបាលតំបន់លូហាននៃភាគីអ៊ុយក្រែន លោក សឺហ៊ៀ ហ្គៃដៃ (Serhiy Gaidai)បានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានចូលទៅដល់ទីក្រុង សៀវីយ៉េរ៉ូដូណេត (Sievierodonetsk) ជាទីក្រុងធំបំផុតក្នុងតំបន់ដុនបាស់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនហើយ។
៩០ភាគរយនៃអគារនៅក្នុងទីក្រុងនេះបានរងការខូចខាត ប៉ុន្តែលោក ហ្គៃដៃ បានកត់សម្គាល់ថា រុស្ស៊ីនឹងមិនអាចដណ្ដើមយកតំបន់លូហាន ទាំងមូលបានទេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មិនដូចអ្នកវិភាគខ្លះដែលបានព្យាករនោះទេ។ «យើងនៅតែមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួន តែទោះយ៉ាងណាក៏ដោយ វាអាចទៅរួចដែរ ដែលថាដើម្បីកុំឱ្យមានការឡោមព័ទ្ធ យើងនឹងត្រូវដកថយ» ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖