ភ្នំពេញ៖ អស់រយៈពេលជាង១សប្តាហ៍កន្លងមកហើយដែលភាពយន្តខ្មែររឿង គ្រោះ ជីវិតកូវីដ-១៩ បានចាក់បញ្ចាំង។ អ្នកដែលបានទស្សនាបានលើកឡើងពីការពេញចិត្ត និងជក់ចិត្តជាមួយភាពយន្តនេះដែលជាភាពយន្តសម្រិតសម្រាំងប្រកបដោយគុណភាពនិយាយពីជីវិតពិត ការជួបប្រទះ និងការឆ្លងកាត់ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ ។ រឿងនេះធ្លាប់ត្រូវផលិតករលោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ក្នុងថ្ងៃសម្ភោធថា គឺជារឿងភាពយន្តដែលអ្នករកស៊ីអចលនទ្រព្យ និងអ្នកលក់អនឡាញមិនគួររំលងនោះឡើយ។ វា ពិតជាទាក់ទាញចិត្តអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជាឱ្យដិតដាមជាប់អារម្មណ៍រហូត បានចូលរួមឧបត្ថម្ភ ២០០០សំបុត្រ ឱ្យសាធារណជនមកចូលទស្សនាដោយនៅក្នុងនោះ ១ពាន់សំបុត្រ ត្រូវបានឧបត្ថមដល់សាធារណជនដែលមិនទាន់បានមកទស្សនារឿងនេះ ចំណែក១០០០សំបុត្រទៀត គឺសម្រាប់បុគ្គលិក និងអតិថិជនក្រុមហ៊ុនផ្ទាល់។
ផលិតករ និងអ្នកដឹកនាំរឿង លោក ហ៊ុយ យ៉ាឡេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានឧបត្ថម្ភ ២០០០សំបុត្រដល់រឿង គ្រោះ ជីវិតកូវីដ-១៩និងបានអំពាវនាវឱ្យមហាជនមកចូលទស្សនារឿង គ្រោះជីវិតកូវីដ-១៩ ព្រោះថារឿងនេះមិនមែនផ្តោតលើតែជំងឺនេះទេ វាមានគុណតម្លៃ និងការអប់រំជាច្រើនទៀត ដែលលោកបានច្បិចយកចេញពីរឿងដែលកើតឡើងក្នុងសង្គមបច្ចុប្បន្ន។លោកបានបញ្ជាក់ផងដែរថា សម្រាប់សាធារណជនដែលមានបំណងចង់មកទស្សនារឿងនេះតាមរយៈសំបុត្រ Free អាចចូល Comment លើវីដេអូ ឬទំនាក់ទំនងទៅលោកផ្ទាល់ ដោយសំបុត្រនឹងត្រូវរៀបចំជូននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៥ល្ងាចតទៅ៕
ដោយ ៖ វឌ្ឍនា