ខេត្តកំពង់ចាម ៖ ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាល និងលោកស្រី ម៉ក់ ស៊ីថា ព្រមជាមួយសហការី បានបន្តដំណើរមកជួបសំណេះ សំណាលជាមួយសមាជិកគណ:បក្សចំនួន ៥៥០នាក់ អញ្ជើញមកពីទូទាំងឃុំអំពិល ស្រុកកំពង់សៀម ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តនគរបាជ័យក្រៅ។ ឆ្លៀតយកឱកាសនេះ លោកប្រធានក្រុមការងារ បានធ្វើការសំណេះសំណាលជាមួយសមាជិកគណបក្សដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចខាងក្រោម ៖
១. ថ្លែងអំណរគុណជូនចំពោះសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ឃុំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់បម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ។ ដោយ ឡែក សកម្មភាពចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងរយៈពេល ៧ថ្ងៃកន្លងមក ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ពីគោលនយោបាយរបស់គណបក្ស លើកឡើងពីគុណសម្បត្តិរបស់គណបក្ស សមិទ្ធផលសំខាន់ៗដែលបក្សសម្រេចបាន ថ្ងៃបោះឆ្នោត ឯកសារសំខាន់ៗទាក់ទងសិទ្ធិបោះឆ្នោត និងការគូសសន្លឹកឆ្នោត។
២. បញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទះដ៏មុះមុតក្នុងការកសាង ដឹកនាំ និងអភិវឌ្ឍប្រទេស។ ទឹកចិត្តគោរព ស្រឡាញ់ ឧបត្ថម្ភ គាំទ្រ ស្មោះស្ម័គ្រ រួមសុខ រួមទុក្ខជាមួយប្រជាពលរបស់គណបក្សប្រជាជនកម្ពុជា។ មិនសន្យា តែធ្វើជាក់ស្តែង ដោយហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីភាពសុខសាន្ត សុភមង្គល និងការរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស តាំងពី ក្រោយថ្ងៃ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្ន។
៣. ស្នើសុំសមាជិក សមាជិកាគណបក្សយើងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ថ្មីៗបន្ថែមទៀត។ ជាថ្មីម្តងទៀត លោកបានផ្តាំប្រាប់ឲ្យសមាជិកគ្រប់ៗគ្នាទៅផ្ទៀងផ្ទាត់ឈ្មោះយើងឲ្យបានត្រឹមត្រូវ ស្នាក់ការដែលត្រូវទៅបោតឆ្នោត មធ្យោបាយធ្វើដំណើរ និងឯកសារសំខាន់ៗ ដែលត្រូវយកទៅជាមួយ។
៤- នៅតែ ៧ថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកបានជូនពរឲ្យ គណបក្សប្រជាជនកម្ពុជាឃុំអំពិលទទួលបានជោគជ័យជាស្ថាពរ និងទទួលយកនូវពរទាំង ៤ ប្រការគ្រប់ៗគ្នាកុំបីឃ្លាងឃ្លៀតឡើយ ៕
ដោយ ៖ សិលា