ព័ត៌មានទាន់ហេតុការណ៍៖

ឆេះមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងមូស្គូ មានមនុស្សជាច្រើនជាប់ខាងក្នុង

ចែករំលែក៖

អគ្គិភ័យបានឆាបឆេះក្នុងអគារ ការិយាល័យ Grand Setun Plaza ក្នុងទីក្រុងមូស្គូ នាថ្ងៃទី ៣ខែមិថុនា ។ ក្រុមពន្លត់អគ្កិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព។

សារព័ត៌មាន Interfax បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យបានវាយតម្លៃថា ជាគ្រោះអគ្គិភ័យកម្រិតគ្រោះថ្នាក់បំផុត ។ ក្រុមជួយសង្គ្រោះបានខិតខំជម្លៀសពលរដ្ឋចេញពីអគារនោះ ប៉ុន្តែនៅមានមនុស្ស១៥នាក់នៅបាត់ខ្លួននៅឡើយទេ។ តាមសារព័ត៌មានខាងលើ អ្នកដែលបាត់ខ្លួនអាចនៅក្នុងអគារនៅឡើយ។
រូបភាពពីកន្លែងកើតហេតុបានបង្ហាញឱ្យឃើញថា ផ្សែងខ្មួលខ្មាញ់គ្របដណ្តប់អគារទាំងមូល ។ កម្លាំងសន្តិសុខបានបិទផ្លូវចេញចូលនៅក្បែរនោះដើម្បីបញ្ចៀសការកកស្ទះនិងផលប៉ះពាល់កាន់តែខ្លាំង។
ចំណែកសារព័ត៌មាន Tass បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះចេញពីជាន់ទី៥នៃអគារ។ មកទល់ពេលនេះមានមនុស្ស១២០ នាក់ត្រូវបានជម្លៀសចេញពីអគារដោយសុវត្ថិភាព ដោយមិនទាន់មានករណីស្លាប់នៅឡើយទេ។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន លោក Alexander Kurenkov បានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព ។ ក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវបញ្ជាក់ពីមូលហេតុបណ្តាលឲ្យឆាបឆេះ៕ ដោយ៖ ធីរីណា


រូបថត៖ RT


ចែករំលែក៖