ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្តធុនធំមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបើកវ៉ាជែងរថយន្តដែលបើកស្របទិសគ្នាមិនផុតក៏បានជ្រុលទៅបុករថយន្តនៅខាងមុខពេញទំហឹងបណ្តាលឱ្យខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរទាំងសងខាងរងរបួសស្រាល។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៣ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធ្ងន់ម៉ាក MITSUBISHI ពណ៌សមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង ៣A-៤៤៦២ បើកបរដោយឈ្មោះ ផុន វណ្ណដេត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកហ្លួង ឃុំស្តីលើ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តខាងមុខមិនផុតក៏ជ្រុលទៅបុករថយន្តដឹកពូកម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២W-៧៦៤៤ ដែលបើកបរដោយឈ្មោះ ម៉ាប់ មាស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបើកបរនៅខាងមុខពេញទំហឹងបណ្តាលឱ្យបុកផ្ទប់គាបជាប់ទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវអូសជាច្រើនម៉ែត្រធ្វើឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរទាំងសងខាងរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះទៅវាស់វែងនិងស្ទូចយករថយន្តទាំងពីរគ្រឿងមករក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ចន្ទ លីហ្សា