ភ្នំពេញ ៖ ការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២
I. សភាពការណ៍រួម
ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿននិងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាប កណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹក ភ្លៀងផងដែរ។
គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ ក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគ បើធៀបជាមួយឆ្នាំមុន រួមមាន៖
១. ខេត្តកំពង់ធំ អនុវត្តបានចំនួន៥៩ ៣៤៥ហិកតា ស្មើនឹង២៧,៨២% នៃផែនការចំនួន១៨៩ ៧៣០ហិកតា យឺតជាងឆ្នាំមុនចំនួន៩៨ ១២៧ហិកតា។
២. ខេត្តតាកែវ អនុវត្តបានចំនួន៧៨ ៦៩២ហិកតា ស្មើនឹង៤៣,៧២%នៃផែនការចំនួន១៨០ ០០០ ហិកតា យឺតជាងឆ្នាំមុនចំនួន៨៦ ៦៩២ហិកតា។
៣. ខេត្តសៀមរាប អនុវត្តបានចំនួន២១.៤៧០ហិកតា ស្មើនឹង១១,៣២% នៃផែនការចំនួន២១៣ ៣៣០០ ហិកតា យឺតជាងឆ្នាំមុនចំនួន៨២ ៩០១ហិកតា។
II. វិធានការបន្ទាន់
ក្នុងគោលបំណងសំដៅជំរុញល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យ និង សម្រេចតាមផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមដាក់ចេញនូវវិធានការណែនាំមួយចំនួន ដូចខាងក្រោម៖
១. អគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជា មួយមន្ទីរជំនាញជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារបង្កបង្កើនផលជាក់ស្ដែង កំណត់មូលហេតុចម្បងៗដែលបណ្ដាលឱ្យការងារបង្កបង្កើនផលស្រូវ មានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខដើម្បីដោះស្រាយការរាំងស្ទះដល់ ល្បឿនការងារបង្កបង្កើនផលក្នុងភូមិសាស្ត្ររបស់ខ្លួន។
២. អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីជំរុញការដាំដុះនៅតាមតំបន់ដែលមានការដាំដុះយឺតនិងផ្សព្វផ្សាយបច្ចេកទេសដាំដុះ សមស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។ ទន្ទឹមនឹងនេះ ត្រូវត្រៀម គ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករដែល ទទួលរងផលប៉ះពាល់និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេសចំពោះគ្រួសារក្រីក្រខ្វះ លទ្ធភាព។
៣. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយតម្លៃការខូចខាតស្រូវដោយសារជំនន់ទឹកភ្លៀងឲ្យ បានរួសរាន់ និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញឱ្យបានទាន់ពេលវេលា។
ទទួលបានសេចក្ដីណែនាំខាងលើ ស្នើអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត អង្គភាពជំនាញទាំងអស់ ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដើម្បីជំរុញការងារបង្កបង្កើន ផលដំណាំស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ៕
ដោយ ៖ សិលា