ក្រោយរយៈពេល២ឆ្នាំផ្អាកការសម្ពោធដោយសារតែការឆ្លងរាលដាលកូវីដ-១៩ នៅថ្ងៃទី១០ ខែមិថុនា ចិននិងរុស្ស៊ីបានធ្វើពិធីសម្ពោធស្ពានផ្លូវគោគរវាងប្រទេសទាំងពីរ ដោយបានអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ដងទន្លេ Amur តភ្ជាប់ទៅកាន់ទីក្រុង Blagoveshchensk ប្រទេសរុស្ស៊ី និងខេត្ត Hei He ប្រទេសចិន។
នៅក្នុងពិធីសម្ពោធស្ពាននៅទីក្រុង Blagoveshchensk គឺមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ចិននិងរុស្ស៊ី ។ រថយន្តដឹកទំនិញដំបូងបានបើកឆ្លងកាត់ស្ពានដោយមានការបាញ់កាំជ្រួចអបអរសាទរ បើកដំណើរការជាផ្លូវការ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yury Trutnev បានបញ្ជាក់ថា «ស្ពានតភ្ជាប់ Blagoveshchensk និងខេត្ត Hei He ប្រទេសចិន មានសារៈសំខាន់យ៉ាងខ្លាំង ក្លាយជាស្ពានមិត្តភាពតភ្ជាប់រវាងជាតិសាសន៍ទាំងពីរ ចិន-រុស្ស៊ី។
ប្រាក់ចំណាយសម្រាប់សាងសង់ស្ពាននោះមានដល់ទៅ៣២៨លានដុល្លារ ក្នុងនោះរុស្ស៊ីបានចំណាយ ២៤០លានដុល្លារ ក្រៅពីនេះគឺចិន ។ ស្ពាននេះបានសាងសង់ឡើងតាំងពីឆ្នាំ២០១៦ ហើយពេលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ក្នុងពេលដែលរុស្ស៊ីកំពុងរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។ ចិននិងរុស្ស៊ី មានព្រំដែនជាប់គ្នាដល់ទៅ៤២៥០ គីឡូម៉ែត្រ ៕ ដោយ៖ ធីរីណា
រូបថត ៖ TASS