សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន គឺជាការប្រឈមមុខរវាងប្រទេសមហាអំណាចលោកខាងលិចនឹងរុស្ស៊ី ដែលត្រូវបានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា លទ្ធផលនៃសង្រ្គាមនៅក្នុងប្រទេសរបស់លោក មិនត្រឹមតែបង្កផលប៉ះពាល់ដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជាប់ពាក់ព័ន្ធនឹងអនាគតសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ។
លោកហ្សេលេនស្គី បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (Shangri-La) នៅក្នុងប្រទេសសិង្ហបុរី ពីចម្ងាយនៅថ្ងៃសៅរ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាអរគុណខ្លាំងចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា…ប៉ុន្តែការគាំទ្រនេះមិនមែនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់គ្នាផងដែរ ពីព្រោះសង្រ្គាមនៅអ៊ុយក្រែនគឺមានជាប់ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់អន្តរជាតិទាំងមូល»។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសថា រុស្ស៊ីនឹងតបតវិញយ៉ាងចាស់ដៃ ប្រសិនបើបង្កើនកងទ័ព NATO នៅលើទឹកដីប៉ូឡូញ ។
សារព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់មន្ត្រីការទូតរុស្ស៉ីម្នាក់ គឺលោក Oleg Tyapkin ជាប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការទំនាក់ទំនងរវាងរុស្ស៉ី នឹងអឺរ៉ុប នៃក្រសួងការបរទេសរុស្ស៉ី ដែលបានលើកឡើងថា «ការឆ្លើយតបណាមួយនឹងត្រូវធ្វើឡើងយ៉ាងសមាមាត្រ និងត្រឹមត្រូវ ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងមកលើសន្តិសុខរបស់
រុស្ស៉ី»។ ប៉ុន្តែ ព្រមពេលជាមួយគ្នានោះ លោក អូឡិច មិនបានបញ្ជាក់នោះទេថាតើអ្វីទៅជាការឆ្លើយតប របស់ទីក្រុងមូស្គូ៕
ដោយ៖ ធីរីណា(រូបថត ៖ TODAY)