ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក អ៊ុន សុី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្ដុក អនុវត្តដីកាលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនត្រូវចោទម្នាក់ពីបទលួច ។
ករណីសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងចុះអនុវត្តដីកាលោកចៅក្រមខាងលើ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនជាប់ចោទត្រូវបានឃាត់ខ្លួនឈ្មោះ ហាន ហាច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលដដែលបន្តទៀតថា ការឃាត់ខ្លួនជនជាប់ចោទនេះ គឺអនុវត្តតាមដីកាលេខ៤៤ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ ចេញដោយលោក ម៉ៅ សុីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ពីបទលួច។ បច្ចុប្បន្ន ជនជាប់ចោទ(ហាន ហាច)ផ្នែកដីកាបានរៀបចំឯកសារបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕
ដោយ៖ ប៉ឹម ពិន