ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យស្រីប្រុសពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ។
ករណីនេះបានកើតឡើងនៅចំណុចភូមិតាភោគឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២។
នគរបាលស្រុកគងពិសីបានឲ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនបាន ១.មានឈ្មោះ ចន ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ២.មានឈ្មោះ ទ្រិញ ដេវីត ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលួចទូរស័ព្ទមួយគ្រឿងម៉ាកOPPOពណ៌ទឹកសមុទ្រពីហោប៉ៅអាវរបស់ជនរងគ្រោះឈ្មោះ ប៊ិន ស្រីនាង ភេទស្រីអាយុ២១ឆ្នាំរស់នៅភូមិថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី ។
ប្រភពបានបន្តទៀតថាដោយសារជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកថាចោរពេលនោះជនសង្ស័យបានទំលាក់ទូរស័ព្ទចោលហើយបានរត់ទៅជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១JE.៨៥១៤។
បើកបរដោយជនសង្ស័យឈ្មោះ ទ្រិញ ដេវីត ជាបក្សពួកដើម្បីគេចខ្លួនតែត្រូវបានសន្តិសុខរោងចក្រនៅក្បែរកន្លែងកើតហេតុឃាត់ខ្លួនបានភ្លាមៗទាំងពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច ។
ហើយបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូសម្រាប់ធ្វើសកម្មភាពខុសលេខតួ លេខម៉ាសុីនៅជាប់ម៉ូតូ ទូរស័ព្ទពីរគ្រឿង ឡាមពីរកំណាត់ ក្រដាសបញ្ចាំមួយសន្លឹក។
សមត្ថកិច្ចបានប្រគល់ទូរស័ព្ទឲ្យជនរងគ្រោះវិញចំណែកជនសង្ស័យទាំងពីរនាក់បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអនុវត្តន៍តាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា