ព័ត៌មានទាន់ហេតុការណ៍៖

ចិនដាក់នាវាផ្ទុកយន្តហោះទីបី មានឈ្មោះថា Fujian ចូលទៅក្នុងទឹក

ចែករំលែក៖

ចិនទើបតែដាក់នាវាផ្ទុកយន្តហោះទី៣របស់ខ្លួនចូលទៅក្នុងទឹកមានឈ្មោះថា Fujian ដោយមានលេខសម្គាល់១៨ នៅក្នុងទីតាំងផលិតនាវា Jiangnan ក្នុងទីក្រុងសៀងហៃ។
បណ្តាញព័ត៌មានជាតិចិន CCTV បានឱ្យដឹងថា នៅថ្ងៃទី១៧ខែមិថុនា ចិនបានដាក់នាវាផ្ទុកយន្តហោះទីបី ផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ថុះទៅក្នុងទឹក ។ ក្នុងពិធីដាក់នាវាផ្ទុកយន្តហោះចុះទឹកធ្វើឡើងនៅព្រឹកថ្ងៃទី១៧ខែមិថុនា នៅក្នុងរោងចក្រ Jiangnan ទីក្រុងសៀងហៃ ។ តាមសារព័ត៌មាន CCTV នាវាផ្ទុកយន្តហោះ Type 003 មានឈ្មោះថា Fujian ។ នេះជានាវាផ្ទុកយន្តហោះដែលបានប្រើប្រាស់ម៉ាស៊ីនបាញ់អគ្គិសនី ដើម្បីរុញយន្តហោះពេលហោះហើរ។
តាមសារព័ត៌មាន CCTV នាវាផ្ទុកយន្តហោះនេះនឹងត្រូវបើកសាកល្បង ។ ពេលដំបូងនាវាផ្ទុកយន្តហោះខាងលើគ្រោងដាក់ចុះនៅថ្ងៃទី២៣ខែមេសា ក្នុងឱកាសខួប៧៣ឆ្នាំ ប៉ុន្តែក្រោយមកក៏ត្រូវបានពន្យារពេល ដោយសារតែការឆ្លងរាលដាលកូវីដ-១៩នៅក្នុងទីក្រុងសៀងហៃ។
ការដាក់ចុះនាវាផ្ទុកយន្តហោះថ្មី ទីបីរបស់ចិន នឹងធ្វើឱ្យកម្លាំងទាហានជើងទឹករបស់ចិនកាន់តែខ្លាំងឡើងថែមទៀត ក្នុងពេលចិនកំពុងប្រឈមមុខតានតឹងជាមួយអាមេរិកក្នុងតំបន់ ពិសេសបញ្ហាកោះតៃវ៉ាន់៕ ដោយ៖ ធីរីណា

រូបថត​ ៖​ XINHUA


ចែករំលែក៖