ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

ថ).ប្រាក់ស្នាប់ទឹកដោះ :

  ប្រាក់ថ្លៃទឹកដោះដែលម្តាយបានចិញ្ចឹមមកពីតូច លុះធំឡើងមានប្ដីមានទំនៀមត្រូវឲ្យកូនប្រសាប្រុសជូនម្ដាយក្មេក បើគ្មានម្ដាយក្មេកត្រូវជូនទៅឪពុកក្មេក ឬអាណាព្យាបាលស្រេចតែមេបាខាងស្រីនឹងកាត់យ៉ាងតិចបំផុតពីត្រឹម២៛០០ឡើងទៅ ១០០ ៛(ប្រាក់សម័យដើម) មេបាត្រូវប្រមើលមើលដល់ឋានៈរបស់ត្រកូលនោះ ហើយកាត់ឲ្យល្មមនឹងត្រូវការ។ មានទំនៀមថា ប្រាក់ស្នាប់ទឹកដោះនោះ ម្ដាយក្មេកអ្នកទទួលទៅ មិនត្រូវយកទៅចាយវាយដោយរឿងដទៃ ហើយត្រូវយកទៅជូនដល់មាតារបស់ខ្លួន បើគាត់ស្លាប់ទៅហើយត្រូវយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនទៅឱ្យគាត់។ តើបើម្ដាយក្មេកស្លាប់ទៅ ឪពុកក្មេក ឬអាណាព្យាបាលត្រកូលទទួលជួសហើយ ត្រូវយកទៅធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅនោះ។

  ឯគ្រឿងបណ្ដាការទាំងឡាយដែលរៀបរាប់មកខាងលើនេះ ជារបស់ដែលត្រូវជូនទៅខាងស្រីអ្នកសាមីដើមការត្រូវប្រុងប្រៀបប្រមូលត្រៀបត្រាទុកឲ្យបានសព្វគ្រប់ក្នុងថ្ងៃចូលរោង។

  កាលជិតដល់វេលារៀបមង្គលការ មាតាបិតា ឬអាណាព្យាបាលទាំងឡាយខាងប្រុស-ស្រី ត្រូវអញ្ជើញញាតិសន្តាននឹងមិត្តសម្លាញ់ទាំងឡាយឲ្យមកជួបជុំក្នុងរោងថ្ងៃដែលកំណត់ទុក។ តាមសណ្ដាប់ធ្នាប់សព្វថ្ងៃនេះ មុននឹងរៀបការ ៨ ថ្ងៃ ត្រូវប្តឹងមន្រ្តីឃុំឲ្យចេញព័ត៌មានបិទនៅសាលាឃុំនឹងទីដែលកូនស្រីនៅដើម្បីជាដំណឹងដល់អ្នកស្រុក។ (នៅមានត)

ជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖