ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាពាក់ស្លាកលេខរដ្ឋបុកជាមួយម៉ូតូធុនធំបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ២

ចែករំលែក៖

ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូធុនធំ មួយគ្រឿងត្រូវរថយន្តម៉ាកម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខរដ្ឋបុកពេញទំហឹង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រដែកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

     សពជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

     បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកម៉ាស្ដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខរដ្ឋ10-2-6871 ជិះគ្នា៥នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ២ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូធុនធំមួយគ្រឿងម៉ាកM slah ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HX-7494បើកដោយយុវជនម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូបោកទៅលើថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

      ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖