ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានដើរចូលបុរីជ័យឧត្តម៣ ក្នុងគោលបំណងលួចម៉ូតូប្រជាពលរដ្ឋ តែសំណាងមិនល្អមកជួបសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនជាមួយនឹងឧបករណ៍ច្នៃសម្រាប់កាច់សោ.កម៉ូតូ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីខាងលើ ផ្លូវបេតុង ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជឹង ដួងចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ឡាំ វឹងហ្គេត ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំពោះលទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន)។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើបានដើរចូលក្នុងបុរីជ័យឧត្តម៣ (ចំណុចកើតហេតុ) ដើម្បីរកលួចម៉ូតូប្រជាពលរដ្ឋ, តែពេលនោះមានសមត្ថកិច្ចកំពុងល្បាតឃើញទាន់ក៏ឃាត់ត្រួតពិនិត្យហើយរកឃើញវត្ថុតាងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន២ និងកូនសោលេខ៨ចំនួន១ ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ