ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តពោធិរង្សី ហៅវត្តត្រពាំងទឹម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ចៀច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្នុងស្ថាប័ននានាថ្នាក់ជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយស្រុក អស់លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ យាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្រុមកាយរិទ្ធ យុវជនកាកបាទ ក្រហម យុវជន ស.ស.យ.ក ប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុក ឃុំ មន្រ្តីរាជការជុំវិញស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សរុបចំនួន ២៤២៩ អង្គ/នាក់។
លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងថា, ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ជាពិសេសក្នុងស្រុកកញ្ជៀច សូមថ្លែងអំណរគុណ និងសូមសំដែងនូវគារវៈគោរពស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តពោធិរង្សី ហៅវត្តត្រពាំងទឹម នាពេលនេះ។
សូមរម្លឹកបន្តិចថា វត្តត្រពាំងទឹម ត្រូវបានប្រជាពលរដ្ឋ ចំណុះជើងវត្ត សប្បុរសជននានា និងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ឃុំ បានរួមសាមគ្គីគ្នាជួយជ្រោមជ្រែងបានបញ្ចប់ការសាងសង់រហូតបានបញ្ចុះខ័ណ្ឌសីមានាពេលនេះ ស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានអរគុណបងប្អូនកូនក្មួយប្រជាពលរដ្ឋទាំងអស់ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ ដែលបានឆ្លុះបញ្ជាក់យ៉ាងច្បាស់នូវជំនឿទុកចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុតសម្រាប់ប្រទេសជាតិយើងទាំងមូល។
ទន្ទឹមនឹងនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចជាមួយភាគីពាក់ពន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងជំហរពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការកែទម្រង់ជាប្រវត្តិសាស្ត្រនូវរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ។
សារជាថ្មីម្តងទៀត លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា