ខេត្តបាត់ដំបង៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ លោក ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌ និងលោក ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដុំបង បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សា ខន ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន៣០៥គ្រួសារ។
តំណាងប្រជាពលរដ្ឋទាំង៣០៥គ្រួសារដែលបានទទួលអំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកស្រី នាឱកាសនោះ បានអញ្ជើញមកពីភូមិចំនួន១៥ នៃឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួម១យួរ ទឹកសុទ្ធចំនួន៤យួរ ព្រមទាំងម៉ាស់ និងអាល់កុល ដើម្បីប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងពេលចាំបាច់។
អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានជម្រាបជូននូវសេចក្ដីផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចក្រឡាហោម និងលោកស្រី ចំពោះបងប្អូនប្រជាពលរដ្ឋឃុំក្ដុលតាហែន ព្រមទាំងបានគូសបញ្ជាក់ថាឃុំក្ដុលតាហែននេះគឺជាឃុំដំបូងហើយដែលក្រុមក្រឡាហោមមនុស្សធម៌ បានបន្តចុះផ្ដល់អំណោយជូនពលរដ្ឋមានបញ្ហាក្នុងជីវភាព បន្ទាប់ពីបញ្ចប់ការបោះឆ្នោត។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ លោក បានថ្លែងកោតសរសើរ និងអរគុណ ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប រួមទាំងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងមូលដ្ឋានឃុំ សង្កាត់។
លោក ខាន់ ម៉ាណេរ ក៏បានរម្លឹកដែរថាឃុំក្ដុលតាហែន និងស្រុកបវេលនេះ ក៏ជាអតីតតំបន់សមរភូមិចុងក្រោយរវាងរាជរដ្ឋាភិបាល និងខ្មែរក្រហមផងដែរ។ លោកបន្ថែមថាអំណោយនាថ្ងៃនេះ ជាអំណោយតិចតួចប៉ុណ្ណោះ ប៉ុន្តែអំណោយដ៏ធំនោះ គឺអំណោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានសង្គ្រោះជីវិតពលរដ្ឋពីរបបខ្មែរក្រហម រួមទាំងជំងឺកូវីដ-១៩ថ្មីនេះទៀត អំណោយសុខសន្តិភាព និងអំណោយនៃការអភិឌ្ឍជាតិជាបន្តបន្ទាប់៕
ដោយ៖ស តារា