ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២នេះ ដែលជាថ្ងៃរំឭកខួប៤៥ឆ្នាំ នៃទិវាចងចាំដំណើរទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា ២០២២) ។ មុនពេលនៃពិធីប្រារព្ធខួបអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជានៅខេត្តត្បូងឃ្មុំទៅកាន់ទឹកដីនៃប្រទេសវៀតណាម ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤៥ ឆ្នាំមុន ក៏ដូចជាបានជួបជាមួយនឹងបងប្អូនប្រជាជនវៀតណាមដែលកន្លងមកធ្លាប់មានអនុស្សាវរីយ៏ជាមួយសម្ដេច ក្នុងកាលៈទេសៈដែលសម្ដេចត្រូវយកជីវិតធ្វើជាដើមទុន ដើម្បីកៀងគរកងទ័ពមករំដោះប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជាមកដល់ប្រទេសវៀតណាមនេះ ដើម្បីគៀងគរកម្លាំងក្នុងការរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំឭកអនុស្សាវរីយ៍ ថាបាយមួយពេលដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និងសមមិត្តដ៏ស្មោះស្ម័គ្រចំនួន ៤រូបផ្សេងទៀតកាលពី ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈបាយមួយពេលនោះពិតជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នាពេលនោះគឺពិតជាមានការប្រថុយប្រថាន និងសង្ឃឹមមានជីវិតតិចតួចណាស់ ខណៈដំណើរដ៏គ្រោះថ្នាក់នោះ គឺមានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មកសង្រ្គោះកម្ពុជាឲ្យរួចផុតពីកណ្តាប់ដៃពិឃាតដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់បំផុត ហើយតំបន់នេះបានសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី ,ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីគោលបំណងបើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា រយៈពេល៤៥ឆ្នាំ បានកន្លងផុត ជាមួយនឹងកិច្ចការជាច្រើនបានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការជាច្រើនដែលជាផលប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានតភ្ជាប់នៅតំបន់កោះថ្ម ក៏ត្រូវបានអភិវឌ្ឍន៍ ហើយសម្ដេច និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃក្រោយ ក្នុងពេលវេលាសមស្រប អាចនឹងបើកច្រកនេះ ទៅជាច្រកអន្តរជាតិមួយ ។ ការបើកច្រកទ្វារអន្តរជាតិនេះ ត្រូវបំពេញការងារមួយចំនួនទាក់ទិននឹងការកសាងហេដ្ឋរចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ដែលជាច្រកច្រកព្រំដែនអន្តរជាតិមួយ ដែលនឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ។ សម្ដេចតេជោក៏បានអរគុណដល់រាជរដ្ឋាភិបាលវៀតណាមដែលបានសហការក្នុងកិច្ចការងារនេះអរគុណដល់បងប្អូនប្រជាពលរដ្ឋវៀតណាមសម្រាប់អនុស្សាវរីយ៍នៅពេលកន្លងមក។
បន្ទាប់មកសម្ដេចតេជោ និងលោកនាយករដ្ឋមន្ត្រីវៀតណាមនក៏បានអញ្ជើញធ្វើដំណើរមកប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំនៃ ទិវាចងចាំដំណើរឆ្ពោះទៅរកការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលផ្សេងៗជាច្រើនទៀត៕
ដោយ៖ស តារា