ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២
បងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ ជាទីរាប់អាន!
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។
សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេសបាននាំមកនូវវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបាន បន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ អនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យ បានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានា បានផ្ដល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈ ផ្សេងៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខ
ប្រកបដោយក្តីស្រឡាញ់ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន ដែលបាននិង កំពុងបន្តចូលរួមយ៉ាងសស្រាក់សសាំក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ គ្រួសារនិងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារ ប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធន៍និវត្តដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។
អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (ប.សស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់។
ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានសម្រេចផ្ដល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពសរុប ចំនួន ៦២៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា (ក្នុង១គ្រួសារ ទទួលបានដី ៧០ម៉ែត្រ គុណ១៥០ម៉ែត្រ) ដែលបានផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅតំបន់ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទន្ទឹមនឹងនេះ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ផងដែរ។
សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននិងកំពុង បំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីភាពជួយគា្នទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំង លើកទឹកចិត្តឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយ ចំពោះព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្ដល់ការគាំទ្រដល់អតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ ដ៏ជលជបំផុត។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនឹងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ខ្ញុំសូមអំពាវនាវដូចតទៅ៖
ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជា ចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទី ស្នេហានៃយើង។
ទី២- គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
ទី៣- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និង សារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធ នឹងវិស័យអតីតយុទ្ធជនឱ្យសាធារណជនជាតិនិងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយ បន្ថែមទៀត។
ទី៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវ ការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។
ទី៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទី៦- ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែល កំពុងជួបប្រទះការលំបាក។
ទី៧- សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីន សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគម អតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យ បងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួម ឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមជូនពរដល់បងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សុខ ខេមរា