ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២នេះថា៖ មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការបាឡតក្នុងតំបន់រ៉ាមសារទន្លេឆ្មារ បានសហការជាមួយទីបញ្ជាការស្រាលនៃកងរាជអាវុធហត្ថខេត្ត ចុះល្បាតដល់តំបន់ព្រែកបាឡតទាល់ប្រទះឃើញបទល្មើសនេសាទមួយកន្លែង ក្នុងតំបន់អភិរក្ស។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា កម្លាំងសហការបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដូចជា របាំងសាច់អួនបានចំនួន៦របាំង ស្មើនឹងប្រវែងចំនួន៣៨០ម៉ែត្រ ឡុកសាច់អួនចំនួន៨ឡុក លូសាច់អួនចំនួន៦លូ បង្គោលឈើចំនួន៣០០ដើម និងត្រីចម្រុះចំនួន១៥គីឡូក្រាម ចូលទន្លេវិញ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ មន្ត្រីឧទ្យានុរក្សស្នាក់ការបាឡត ចុះល្បាតដល់តំបន់ខ្វែងក្របី ប្រទះឃើញបទល្មើសនេសាទមួយកន្លែង ក្នុងតំបន់រ៉ាមសារទន្លេឆ្មារ។ កម្លាំងឧទ្យានុរក្សបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដូចជា របាំងស្បៃមុងចំនួន ៣របាំង ស្មើនឹងប្រវែងសរុបចំនួន៣១០ម៉ែត្រ ឡុកស្បៃមុងចំនួន៥ឡុក លូស្បៃមុងចំនួន៥លូ បង្គោលឈើចំនួន២៥០ដើម និងលែងត្រីចំរុះចំនួន៥គីឡូក្រាមចូលក្នុងទន្លេធម្មជាតិវិញផងដែរ៕
ដោយ៖ស តារា