ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី “នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ឱ្យដឹងថា, កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី “នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់” នៅសាលាជាតិគយដោយមានការចូលរួមពីសិក្ខាកាមនៃ នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករនៅទូទាំងប្រទេស សរុបចំនួន ៦៥នាក់។

ក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលរបស់អគរ លើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បានធ្វើបទបង្ហាញពន្យល់ដល់អ្នកចូលរួមទាំងអស់ឱ្យមានការយល់ដឹងលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ (១)នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់, (២)ចំណាត់ថ្នាក់បទល្មើសគយ និង (៣)ទម្រង់ស្នើសុំព័ត៌មានវិភាគដោយភ្នាក់ងារអនុវត្តច្បាប់ចំពោះអង្គភាពស៊ើបការណ៏ហិរញ្ញវត្ថុ ។ នីតិវិធីប្រតិបត្តិស្តង់ដារ ត្រូវបានរៀបចំដោយអនុលោមតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ, មគ្គទេសក៍របស់អង្គការគយពិភពលោក, មគ្គទេសក៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម, និងឯកសាររបស់ក្រុមការងារហិរញ្ញវត្ថុ។ នីតិវិធីប្រតិបត្តិស្តង់ដារ ជាវិធានផ្ទៃក្នុងមានលក្ខណៈសម្ងាត់វិជ្ជាជីវៈ ដែលណែនាំដល់មន្ត្រីគយនិងរដ្ឋាករពីរបៀបរបបការងារលើការកំណត់តម្រុយសង្ស័យ ការស៊ើបអង្កេតស្របសំអាងនៃបទល្មើស ការចាត់វិធានការលើទ្រព្យសម្បត្តិ និងការកសាងសំណុំរឿងបទល្មើសសម្អាតប្រាក់បញ្ជូនទៅតុលាការ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗ អ្នកចូលរួមទាំងអស់បានធ្វើស្វ័យវាយតម្លៃនូវកម្រិតយល់ដឹងអំពីនីតិវិធីប្រតិបត្តិស្តង់ដារ ព្រមទាំងការចូលរួមផ្តល់មតិនានា តាមរយៈកម្រងសំណួរវាយតម្លៃ ៕

ដោយ ៖ សិលា


ចែករំលែក៖