ស្រុកកោះធំ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៨៥០ម៉ែត្រ ឋិតក្នុងភូមិ ត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០៩នាក់។
ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងបំពាក់ បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិវឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត និងគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោ សែនកោះធំនៅឆ្នាំក្រោយ ជាមន្ទីរពេទ្យមួយដ៏ល្អឥតខ្ចោះដែលនឹងលេចចេញជារូបរាងឡើងពិតប្រាកដ ក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ជាមន្ទីរពេទ្យធំជាងមន្ទីរពេទ្យនានានៅតាមបណ្ដាស្រុកទាំងអស់នៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលបានបញ្ជាទិញសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រដែលមានគុណភាពល្អពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ និងអឺរ៉ុប ដើម្បីបំពាក់ និងផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ និងបានសន្យាថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យនេះឱ្យបានជាដាច់ខាត ជាពិសេសមុនពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំក្រោយ ដើម្បីផ្តល់សេវា ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕
ដោយ៖សហការី