ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យមន្ទីរធនធានទឹក កាយស្តារប្រព័ន្ធអូរប្រឡាយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឱ្យដឹងថា ដោយមានការណែនាំពីលោក អភិបាលខេត្តព្រះសីហនុ មន្ទីរបានស្តារអូរមួយខ្សែ ចាប់ ពីអង្គការម្លប់តាប៉ាងរហូតដល់អាងចម្រោះទឹកកខ្វក់ ១៦ហិកតា មានប្រវែង១៨០០ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿង ហើយកាយស្តាររយៈពេល ២០ថ្ងៃ មានអាចម៍ដីប្រមាណ១ម៉ឺនម៉ែត្រគូប។ 

លោក  អភិបាលខេត្ត បានណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវកាយស្តារប្រព័ន្ធអូរប្រឡាយ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឱ្យបានជាប្រចាំ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។ ចំពោះទីតាំងណាដែលយើងអាចកាយស្តារបាន ត្រូវដាក់គ្រឿងចក្រចុះកាយបើកមុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថានៅពេលភ្លៀងទឹកភ្លៀងបានហូរនាំយកដីខ្សាច់ចាក់ចូលក្នុងអូរប្រឡាយ ប្រសិនបើ មិនមានវិធានការស្តារនោះទេ នឹងធ្វើឱ្យចរន្តទឹកហូរមិនបានលឿន ដែលអាចបង្កជាជំនន់ទឹកភ្លៀង។ 

ទន្ទឹមនោះលោកអភិបាលខេត្តបានក្រើនរំលឹកប្រជាពលរដ្ឋរស់នៅជាប់តាមអូរប្រឡាយទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់សំរាមដែលបានប្រើប្រាស់ហើយឱ្យបានត្រឹមត្រូវចៀសវាងបោះចោលពាសវាល ពាសកាល ធ្វើឱ្យទឹកហូរនាំចូលអូរប្រឡាយបង្កការកកស្ទះផ្លូវទឹកហូរនាំឱ្យមានការជន់លិច៕

ដោយ៖ សូរិយា


ចែករំលែក៖