ភ្នំពេញ ៖ បន្ទាប់ពី លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញលិខិតអញ្ជើញ លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចូលរួម បំភ្លឺ ករណីចុះផ្សាយព័ត៌មាន(ជាវីដេអូ) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Nokorwat News ដែលមានផ្សាយនៅក្នុងអាសយដ្ឋាន (https//fb-watch/dRchSdXOdl/) ទាក់ទងទៅនឹង ប្រតិបត្តិការ របស់សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។ លេចចេញជាចម្ងល់ជាច្រើន ចោទជាសំណួរដោយអ្នកច្បាប់ថា, លិខិតអញ្ជើញលោកស្រី អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” ចេញដោយ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អោយចូលបំភ្លឺ តើគាត់មានគោលបំណងអ្វី ! ហើយការចេញលិខិតអញ្ជើញចូលបំភ្លឺនេះ លោកសំអាងលើច្បាប់អ្វី មាត្រាប៉ុន្មាន ! ដែលប្រគល់សិទ្ធិអំណាចអោយគាត់ មានសិទ្ធិកោះហៅ ដើម្បីទៅបំភ្លឺអោយគាត់ ? ព្រោះច្បាប់នៃរបបសារព័ត៌មាន មានចែងយ៉ាងច្បាស់.. , បើការចុះផ្សាយទៅបុគ្គលណា១ ,ឬស្ថាប័នណា១ ! ហើយបុគ្គល ឬស្ថាប័ននោះ គាត់យល់ឃើញថា, ការចុះផ្សាយនោះ មានភាពមិនត្រឹមត្រូវ គឺគាត់មានសិទ្ធិ អោយអង្គភាព ដែលបានចុះផ្សាយធ្វើការកែតម្រូវ ។ ប្រសិនបើជាអង្គភាពនោះ មិនធ្វើការចុះផ្សាយកែតម្រូវទេ គាត់មានសិទ្ធិប្តឹង ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ដែលជាសមត្ថកិច្ច ហើយច្បាប់បានប្រគល់អោយ ឬក៏ស្ថាប័នអយ្យការ ។ ផ្ទុយទៅវិញនីតិវិធីរបស់ បុគ្គលខ្លះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការប្លែកៗ(នីតិវិធីស្ទើរភ្លើង) ទេដឹង? បញ្ហាទាំងនេះគួរថ្នាក់លើ ពិនិត្យឡើងវិញផងដែរ ពីនីតិវិធី តួនាទី ភារកិច្ច ជៀសវាងផ្ទុយនឹងច្បាប់ប្រគល់ជូន ។
ពាក់ព័ន្ធករណីនេះ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មិនអាចទាក់ទងសុំការបកស្រាយបានទេ ខណៈទូរស័ព្ទទាំង២ប្រព័ន្ធ ខលចូលគ្មានអ្នកទទួល។
ដោយឡែក លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ និងជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ជា ប្រធានស្តីទី នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទ លោកក៏មិនលើកដូចគ្នា ។
ទោះបីមិនទាន់មានការបកស្រាយពីសាមុីខ្លួន និងប្រធានស្តីទី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់នៅក្នុងអង្គភាពមួយនេះ បានបញ្ជាក់ផងដែរថា, ប្រសិនបើលោក សោម ច័ន្ទឌីណា ក្នុងនាមគាត់ជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺ ដាច់ខាត គាត់មិនមានតួនាទី ភារកិច្ច និងសិទ្ធិអំណាចណាមួយ ក្នុងការកោះហៅ ឬចេញលិខិតអញ្ជើញ អ្នកសារព័ត៌មានមកបំភ្លឺបានឡើយ។ លោកបន្តថា, លោកសោម ច័ន្ទឌីណា ធ្វើបែបនេះគឺខុសច្បាប់។ ដូច្នេះអាចនឹងមានការសួរនាំណាមួយពីថ្នាក់លើជុំវិញការចេញលិខិតអញ្ជើញអ្នកកាសែតឲ្យចូលមកបំភ្លឺនេះ។
លោកបញ្ជាក់ទៀតថា, ខាងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាលោក សោម ច័ន្ទឌីណា អាចមានសិទ្ធិដាក់ទៅក្រសួងព័ត៌មាន ឬក៏ស្នើសុំឲ្យក្រសួងព័ត៌មាន ដើម្បីឲ្យខាងកាសែតនោះជួយបំភ្លឺ ហើយការបំភ្លឺឬមិនបំភ្លឺជាសិទ្ធិរបស់អ្នកសារព័ត៌មាន។
សូមបញ្ជាក់ផងដែរថា, មួយរយៈកន្លងទៅនេះ ខាងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានបុគ្គលមួយចំនួន ចេញប្រតិបត្តិការការងារ មិនបានគោរពតាមតួនាទីភារកិច្ច ទើបសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមដានយ៉ាងយកចិត្តទុកដាក់ ពីនីតិវិធីការងារ និងធ្វើលិខិតឲ្យអង្គភាពមួយនេះ បំភ្លឺរាល់ប្រតិបត្តិការដែលធ្វើខុសពីនីតិវិធី ហើយរំខានដល់អ្នករកស៊ី ក្រុមហ៊ុនស្របច្បាប់ជាដើម ៕
ដោយ ៖ មជ្ឈមណ្ឌល សារព័ត៌មាន “នគរវត្ត”