ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សសូមជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោក លោកស្រី អភិបាលនៃ គណៈអភិបាលរាជធានី-ខត្ត មេត្តាជ្រាបថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ បន្ថែមទៀត សំដៅបញ្ចៀសនូវការវាយលុកសារជាថ្មី នៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗ និងបង្ការនូវភាពធ្ងន់ធ្ងរ ព្រមទាំងការ ស្លាប់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្តី គ.វ.ក-១៩ សូម៖
ប្រគល់ភារកិច្ចជូន លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ និង ចាត់ចែងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩. នៅតាមស្រុក/ក្រុង/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយធ្វើការកៀរគរប្រជាពលរដ្ឋតាមភូមិ ឃុំនីមួយៗ និងចាត់ចែងពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំង កូវីដ-១៩ នៅតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
– រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តពិនិត្យ តាមដាន ជំរុញ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនដែលបាន ចាក់ និងមិនបានចាក់វ៉ាក់សាំងដូសទី៣ (ប្រភេទណា កម្មករ កសិករ ឬក្រុមណា) នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានជាក់លាក់ រួចផ្ញើមក គ.វ.ក-១៩ យ៉ាងយូរត្រឹមថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។
-រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្អែកលើចំនួនដែលបានធ្វើ បច្ចុប្បន្នភាព ជាក់ស្ដែងរួច ដើម្បីចាត់ចែងការចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ជាក់លាក់ ដោយពង្រាយក្រុម គ្រូពេទ្យដល់ភូមិ ឃុំ រួមទាំង ជំរុញការផ្តល់សេវាចាក់វ៉ាក់សាំងនេះទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ និងថ្ងៃបុណ្យនានា។
– រដ្ឋបាលរាជធានី-ខេត្ត បន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅ សំខាន់ៗមានដូចជារោងចក្រ-សហគ្រាស សាលារៀន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ផ្សារ កម្មករសំណង់ អ្នក បម្រើតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្តុំ ។ល។) ដោយជំរុញឱ្យមានកិច្ចសហការពីម្ចាស់ទីតាំងទាំងនេះ។
– បន្តអប់រំប្រជាជននៅតាមមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់នៃការមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ ទី៣ ទី៤ និងទី៥ ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមានកំណើនឡើង បន្តរក្សាភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍បានរឹងមាំ ធានានិរន្តរភាពនៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិក្នុងការ រស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មី ៕
ដោយ ៖ សិលា